Skip to main content
Preah Sihanouk Provincial Television
Log in

អាជ្ញាធរខេត្តព្រះសីហនុចុះពិនិត្យការគ្រប់គ្រងសំណល់រាវនៅក្រុងកោះរ៉ុង

Historical original · translation unavailable

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំតំណាងមន្ទីរ-អង្គភាព និងមន្ត្រីជំនាញចុះពិនិត្យការគ្រប់គ្រងសំណល់រាវនៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ការចុះពិនិត្យនេះ ធ្វើឡើងដើម្បីលើកកម្ពស់បរិស្ថានឆ្នេរ, តំបន់ទីប្រជុំជន និងគោលដៅទេសចរណ៍សំខាន់ៗ សំដៅធ្វើយ៉ាងណារក្សានិរន្តរភាពទេសចរណ៍នៅលើកោះ ក្នុងមូលដ្ឋានខេត្តព្រះសីហនុ។

សូមជម្រាបថា កាលពីអំឡុងចុងខែកុម្ភៈ ឆ្នាំ២០២៥ មន្ទីរបរិស្ថានខេត្តព្រះសីហនុ បានណែនាំគ្រប់ម្ចាស់គម្រោងអភិវឌ្ឍន៍ សួនឧស្សាហកម្ម រោងចក្រ សហគ្រាស សិប្បកម្ម អាជីវកម្ម គ្រឹះស្ថាន និងសេវាកម្ម ត្រូវទុកដាក់ប្រមូល សម្អាតសំណល់ និងបំពាក់ឧបករណ៍ស្វ័យប្រវត្តិត្រួតពិនិត្យការបញ្ចេញសំណល់រាវឱ្យបានត្រឹមត្រូវតាមលិខិតបទដ្ឋានគតិយុត្ត និងចូលរួមប្រើប្រាស់ក្រុមហ៊ុនបម្រើសេវាដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវស្របច្បាប់ស្ថិតក្នុងដែនសមត្ថកិច្ច មកប្រមូល សម្អាត និងដឹកជញ្ជូនយកទៅដាក់នៅទីលាន ដែលអាជ្ញាធរបានកំណត់។

ដោយឡែក ក្នុងករណីដែលមន្ទីរបរិស្ថានខេត្ត រកឃើញថា គ្រប់ប្រភេទអាជីវកម្មណាមិនមានការចូលរួមគ្រប់គ្រងសំណល់ខាងលើ និងមិនបំពាក់ឧបករណ៍ស្វ័យប្រវត្តិឱ្យបានត្រឹមត្រូវ នៅតែបន្តមានសំណល់រាយប៉ាយ ស្ថិតនៅទីតាំងអាជីវកម្ម ដងផ្លូវសាធារណៈ និងមានការលួចបញ្ចេញសំណល់រាវដោយផ្ទាល់ទៅទីសាធារណៈបន្តទៅទៀត មន្ទីរបរិស្ថានខេត្តនឹងមានវិធានការតាមច្បាប់ ចំពោះគម្រោងអាជីវកម្ម ដោយមិនមានការលើកលែង។

ការបញ្ជាក់ និងណែនាំនេះ បើតាមមន្ទីរបរិស្ថានខេត្តឱ្យដឹងថា ដើម្បីរួមចំណែកក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន សំណល់រឹងឧស្សាហកម្ម សំណល់ គ្រោះថ្នាក់ សំណល់វេជ្ជសាស្ត្រ សំណល់រាវ សំណល់ល្បាប់ភក់ចេញពីអាងប្រព្រឹត្តកម្ម និងបំពាក់ឧបករណ៍ស្វ័យប្រវត្តិត្រួតពិនិត្យការបញ្ចេញសំណល់រាវឱ្យស្របតាមគោលការណ៍ណែនាំ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…