ស្បែកក្រពើ និងសំបុកត្រចៀកកាំ កំពុងរង់ចាំការអនុញ្ញាតនាំចេញទៅកាន់ទីផ្សារចិនបន្ទាប់ពីទុរេនស្រស់របស់កម្ពុជា ត្រូវបានអគ្គរដ្ឋបាលគយចិន(GACC)អនុញ្ញាតឱ្យនាំចេញទៅទីផ្សារចិនដោយផ្ទាល់។
នេះបើតាមលោក ឃឹម ហ្វីណង់ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មប្រាប់សារព័ត៌មាននៅរសៀលនេះ ក្រោយកម្ពុជាទទួលបានភ្លើងខៀវក្នុងការនាំចេញទុរេនស្រស់ទៅទីផ្សារប្រទេសចិនបន្ថែមពីលើទំនិញកសិកម្មជាច្រើនមុខទៀត។
លោក ឃឹម ហ្វីណង់ បានបញ្ជាក់បន្ថែមថា ក្រៅពីកសិផល ក៏មានផ្នែកវិស័យព្រៃឈើ និងវិស័យជលផល ដែលមាន ស្បែកក្រពើ និងសំបុកត្រចៀកកាំ ដែលជាផលិតផលដ៏សំខាន់របស់កម្ពុជាកំពុងរង់ចាំដើម្បីឈានទៅនាំចេញទៅទៅផ្សារចិនស្របតាមពិធីសារដែលបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនមកកម្ពុជា។
ពាក់ព័ន្ធផលកសិកម្ម បើតាមមន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មមកដល់បច្ចុប្បន្ននេះ មានទំនិញកសិកម្មរបស់កម្ពុជាចំនួន ៩មុខ ដែលទទួលបានការអនុញ្ញាតិនាំចេញទៅទីផ្សារប្រទេសចិនដែលក្នុងនោះរួមមាន ផ្លែទុរេនស្រស់ អង្ករ និងកញ្ចុងអង្ករ ចំណិតដំឡូងមីក្រៀម គ្រាប់ពោត ផ្លែចេក ផ្លែស្វាយ ផ្លែមៀន ម្រេច និងផ្លែដូង៕
ដោយ៖ KPS99TV







