Skip to main content
Preah Sihanouk Provincial Television
Log in

កម្ពុជាដណ្ដើមបាន ៦២ មេដាយពីព្រឹត្តិការណ៍កីឡាប៉ូលិសពិភពលោកនៅអាម៉េរិក

Historical original · translation unavailable

អត្ដពលិកកម្ពុជា ដណ្ដើមបានមេដាយមាស២២ ប្រាក់២២ និងសំរឹទ្ធិ១៨ ពីព្រឹត្តិការណ៍នគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២១ (21st World Police and Fire Games ឬ WPFG) នៅទីក្រុង Birmingham សហរដ្ឋអាម៉េរិក។

ព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យ ដែលធ្វើឡើងចាប់ពីថ្ងៃទី២៧ មិថុនា ដល់ថ្ងៃទី៦ ខែកក្កដា មានអត្ដពលិក ៨៥០០នាក់ មកពីជាង៧០ប្រទេសចូលរួម។ ក្រុមអត្ដពលិកកម្ពុជា បានដណ្ដើមមេដាយមាស២២ ប្រាក់២២ និងសំរឹទ្ធិ១៨ និងស្ថិតនៅចំណាត់ថ្នាក់លេខ១៩។

មេដាយទាំង ៦២ ដែលកម្ពុជារកបានលើ៩ប្រភេទកីឡានោះ រួមមាន កីឡាជឺជិតស៊ូ ដណ្ដើមបានមេដាយមាស៨ និងប្រាក់៤ រីឯប្រភេទកីឡាវាយ កម្ពុជា ដណ្ដើមបាន៥ ក្នុងនោះមាស៣ និងសំរឹទ្ធិ២។ ចំណែកកីឡាចំបាប់ និងចំបាប់កាច់ដៃ ក្រុមអត្ដពលិក រកបានមេដាយមាស២ ប្រាក់១០ និងសំរឹទ្ធិ៧។ អត្តពលិកយូដូកម្ពុជា ដណ្ដើមបានមេដាយមាស២ ប្រាក់៣ និងសំរឹទ្ធិ២ ខណៈអត្ដពលិកការ៉ាតេ រកបានមេដាយមាស២ ប្រាក់១ និងសំរឹទ្ធិ២ ដូចគ្នាទៅនឹងចំនួនមេដាយ ដែលកីឡាហែលទឹកកម្ពុជា ដណ្ដើមបានផងដែរ។

រីឯកីឡាវាយកូនឃ្លីលើតុ កម្ពុជា រកបានមេដាយមាស២ និងសំរឹទ្ធិ១។ អត្ដពលិកបាល់ទះឆ្នេរខ្សាច់ និងក្នុងសាល ដណ្ដើមបានមេដាយមាស១ និងប្រាក់១។ ចំណែកកីឡាតេក្វាន់ដូ WT កម្ពុជា រកបានមេដាយប្រាក់២ និងសំរឹទ្ធិ២។

គួរបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានបញ្ជូនអត្ដពលិក ៤០នាក់ លើ៩ប្រភេទកីឡា ទៅចូលរួមប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យ កាលពីថ្ងៃទី២៧ ខែមិថុនា។ ៩ប្រភេទកីឡានោះ មានយូដូ ហែលទឹក វាយកូនឃ្លីលើតុ ការ៉ាតេ តេក្វាន់ដូ និងបាល់ទះ។ អត្ដពលិកកម្ពុជា ដណ្ដើមបានមេដាយគ្រប់ ៩ប្រភេទកីឡានោះ។ ប្រតិភូកីឡា ដែលមានគ្រូបង្វឹក មន្ដ្រីដឹកនាំ និងអត្ដពលិក ចំនួនសរុប ៥២នាក់ នឹងមកកម្ពុជា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥៕

ដោយ៖ ចិន្តា ទីទិ

Comments

Loading comments…