ខេត្តព្រះសីហនុ៖ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបានអនុវត្តប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំមួយ លើបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីតាំងអគារកាស៊ីណូ ស៊ិនលិ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យសរុបប្រមាណជាង ៨០០ នាក់។
ប្រតិបត្តិការនេះ ត្រូវបានអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលនីតិវិធីតាមផ្លូវច្បាប់ពី ព្រះរាជអាជ្ញា តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។
ក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលជំនាញ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះត្រួតពិនិត្យ និងឆែកឆេរនៅជាន់ទី១៨ និងជាន់ទី១៩ នៃអគារកាស៊ីណូខាងលើ។
ជាលទ្ធផល នៃការបង្ក្រាបនេះ សមត្ថកិច្ចបានរកឃើញមនុស្សសរុបប្រមាណ ៨០៥ នាក់ មកពី ៧ សញ្ជាតិ រួមមាន ចិន កូរ៉េ ជប៉ុន អាមេរិក ភីលីពីន ប៉ាគីស្ថាន ឥណ្ឌា និងជនជាតិខ្មែរ។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងជាច្រើន រួមមាន កុំព្យូទ័រប្រមាណ ៦៥០ គ្រឿង និងទូរស័ព្ទដៃប្រមាណ ១,០០០ គ្រឿង ដែលត្រូវបានសង្ស័យថា ប្រើប្រាស់ក្នុងសកម្មភាពឆបោកតាមអនឡាញ។
បច្ចុប្បន្ន ករណីនេះ សមត្ថកិច្ចជំនាញកំពុងបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់ ដើម្បីស៊ើបអង្កេត និងចាត់វិធានការតាមច្បាប់ចំពោះជនពាក់ព័ន្ធទាំងអស់៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
ដោយ៖ ប៉ៃ សុឃីម























