កម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកសហការជាមួយនគរបាលមូលដ្ឋាន បានស្រាវជ្រាវឈានទៅឃាត់ខ្លួនសិស្សសាលា២នាក់ជាបន្តបន្ទាប់ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ដើម្បីសាកសួរ និងចាត់ការបន្តតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីដេញវាយគ្នាយ៉ាងអនាធិបតេយ្យនៅក្បែររង្វង់មូលកាំកូស៊ីតធី។
សិស្សសាលាទាំង២នាក់ដែលនគរបាលឃាត់ខ្លួនបានរួមមាន៖ ១. ឈ្មោះ កេង វិចរ៉ា ជាសិស្ស ថ្នាក់ទី១១ D1 នៃវិទ្យាល័យឥន្ទ្រទេវី អាយុ១៧ឆ្នាំ ត្រូវបានឃាត់ខ្លួននៅតាមផ្លូវលេខ១០៥K ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និង២. ឈ្មោះ ប៉ាល់ បូរ៉ា ជាសិស្សថ្នាក់ទី១១ D2 នៃវិទ្យាល័យឥន្ទ្រទេវី អាយុ១៤ឆ្នាំ ត្រូវបានឃាត់ខ្លួននៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ នេះបើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ វេលាម៉ោងប្រហែល១៦៖៥៧នាទី មានក្មេងទំនើងដែលគេស្គាល់ថា ជាសិស្សសាលាបានបើកឆាកប្រយុទ្ធគ្នានៅលើដងផ្លូវលេខ៥២៨ កែងផ្លូវលេខ៣៥៣ ក្រុមទី៥ ភូមិ២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរ។
ក្រោយទទួលបានព័ត៌មាន និងសេចក្តីរាយការណ៍នេះ កម្លាំងនគរបាលខណ្ឌទួលគោក បានបើកការស្រាវជ្រាវភ្លាមៗ និងឈានទៅដល់ការចាប់ខ្លួនជនបង្ក២នាក់ ដើម្បីអនុវត្តនីតិវិធីបន្ត។ ក្នុងនោះ កម្លាំងជំនាញ បានដកហូតវត្ថុតាំង រួមមានម៉ូតូ០១គ្រឿង ម៉ាក HONDA TODAY ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ 1GW-8595 និងទូរស័ព្ទដៃ០១គ្រឿង។បច្ចុប្បន្ន សិស្សសាលាទាំង២នាក់ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមផ្លូវច្បាប់៕
ដោយ៖ ង៉ែត ពិសាន្ត









