ស្ថានការណ៍កាន់តែកើនកម្តៅឡើងហើយ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលី ខាមេនី (Ayatollah Ali Khamenei) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅពេលនេះមេបញ្ជាការឆ្មាំបដិវត្តអ៊ីរ៉ង់ បានប្រកាសថា ទីក្រុងតេហរ៉ង់ នឹងចាប់ផ្តើមប្រើប្រាស់ប្រភេទអាវុធដែលគ្រប់គ្នាពុំធ្លាប់ឃើញពីមុន នៅក្នុងប្រតិបត្តិការសងសឹងទៅលើសម្ព័ន្ធមិត្តអាមេរិកនាពេលខាងមុខ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅយប់ថ្ងៃសៅរ៍ម្សិលមិញនេះ។
ដោយឡែក នៅព្រឹកថ្ងៃអាទិត្យ ទី១ ខែមីនានេះ ប្រធានាធិបតីអាមេរិក Donald Trump បានចេញមកអះអាងថា ប្រតិបត្តិការវាយប្រហារដោយអាមេរិកនិងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ បានថែមទាំងសម្លាប់មេដឹកនាំកំពូលអ៊ឺរ៉ង់ទៅហើយ។ មេដឹកនាំអាមេរិករូបនេះ បញ្ជាក់ថា ប្រតិបត្តិការប្រឆាំងអ៊ីរ៉ង់ នឹងនៅតែបន្តដំណើរការបន្ថែមទៀត។
តាមអាជ្ញាធរអ៊ីរ៉ង់ ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានធ្លាក់ចំសាលាបង្រៀនក្មេងស្រីមួយកន្លែង ក្នុងទីក្រុង មីណាប (Minab) ខេត្ត ហូម៉ូហ្គែន (Hormozgan) ភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់ បានសម្លាប់មនុស្សកើនដល់១១៥នាក់៕
ដោយ៖ ង៉ែត ពិសាន្ត







