ដើម្បីអបអរសាទរទិវាជាតិសុខភាពមាតាទារក និងកុមារ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ផ្សេងទៀត បានចុះជួបសំណេះសំណាល និងនាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ប្រគល់ជូនដល់ស្រ្តីមានផ្ទៃពោះ ស្រ្តីទើបសម្រាល និងកុមារចំនួន ១៣៥នាក់ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ។
ក្នុងពិធីនេះ លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ និងប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រះសីហនុ បានថ្លែងអំណរគុណចំពោះឯកឧត្តម ម៉ាង ស៊ីណេត ដែលជានិច្ចកាលតែងតែគិតគូរ ផ្តល់នូវការគាំទ្រ ក្តីសង្ឃឹម និងភាពកក់ក្តៅដល់មន្រ្តីខ្វះខាត គ្រួសារប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ជាពិសេសចាស់ជរា ជនគ្មានទីពឹង ស្រ្តីមេម៉ាយ និងកុមារកំព្រាជាដើម។
ចំណែក លោក សែជូ សិទ្ធិជោតិ លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងជាអនុប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានជំរុញ និងលើកទឹកចិត្តឱ្យស្រ្តីមានផ្ទៃពោះអញ្ជើញទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ ដើម្បីតាមដានសុខភាពនិងការលូតលាស់របស់ទារកនៅក្នុងគភ៍។ បន្ថែមពីនេះ លោកបានជំរុញឱ្យស្រ្តីដែលទើបឆ្លងទន្លេរួចនាំកូនទៅចាក់វ៉ាក់សាំងឱ្យបាន១២មុខ ដើម្បីការពារកូនពីជំងឺដ៏កាចសាហាវផ្សេងៗ។
ជាមួយគ្នា ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក៏បានជំរុញ និងលើកទឹកចិត្តដល់ស្រ្តីមានផ្ទៃពោះអញ្ជើញទៅពិនិត្យផ្ទៃពោះដើម្បីតាមដានសុខភាពរបស់កូននៅក្នុងគភ៍ និងត្រូវថែទាំសុខភាពកូននៅក្នុងគភ៍ឱ្យត្រឹមត្រូវ។ ឯកឧត្តមអភិបាលខេត្ត បានបង្ហាញក្តីសង្ឃឹមថា ទារកនៅក្នុងគភ៍ និងកុមារទាំងអស់នេះ នឹងធំឡើងក្លាយជាអ្នកបន្តវេនអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា។
មិនតែប៉ុណ្ណោះ ឯកឧត្តម ម៉ាង ស៊ីណេត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី រួមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់ជាមួយបងប្អូនទាំងអស់នៅគ្រប់ពេលវេលា។
នាឱកាសនោះដែរ ឯកឧត្តម ម៉ាង ស៊ីណេត ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ដែលដឹកនាំលោកជំទាវ គីម សុភ័ក្រ្ត ម៉ាង ស៊ីណេត ជាប្រធានកិត្តិយសផងដែរ៕
អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ កែវ ដារ៉ា


























































