សៀមរាប៖ ព្រឹត្តិការណ៍ «ដើរដើម្បីស្នាមញញឹម (Walk for a Smile)» ត្រូវបានរៀបចំឡើងជាផ្លូវការ នាព្រឹកថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមទាំងលោកជំទាវ។ ព្រឹត្តិការណ៍នេះ ត្រូវបានចាត់ទុកថា មានអត្ថន័យសំខាន់ទាំងផ្នែកសុខភាព មនុស្សធម៌ សាមគ្គីភាពសង្គម និងការលើកកម្ពស់ទេសចរណ៍សុខភាពនៅកម្ពុជា។
ព្រឹត្តិការណ៍ «Walk for a Smile» បានបង្ហាញពីស្មារតីមេត្តា ករុណា និងការយកចិត្តទុកដាក់ចំពោះកុមារ និងអ្នកជំងឺដែលមានបញ្ហាស្នាមញញឹម ដោយផ្តល់ឱកាសឱ្យពួកគេ ទទួលបានការវះកាត់ និងការថែទាំសុខភាព ដើម្បីស្តារឡើងវិញនូវស្នាមញញឹម និងគុណភាពជីវិត។ ក្រៅពីន័យមនុស្សធម៌ ព្រឹត្តិការណ៍នេះក៏បានភ្ជាប់វិស័យសុខភាព ជាមួយវិស័យទេសចរណ៍ ដោយបង្ហាញពីសក្តានុពលនៃទេសចរណ៍កម្ពុជា ជាមួយនឹងការថែរក្សាសុខភាពមនុស្ស។
ជាមួយគ្នានេះ ព្រឹត្តិការណ៍នេះក៏ជាភស្តុតាងបង្ហាញពីការប្តេជ្ញាចិត្ត និងកិច្ចសហការរវាងក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ក្នុងការលើកកម្ពស់ទាំងសុខុមាលភាពប្រជាជន និងវិស័យទេសចរណ៍ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ក្នុងឱកាសនេះ អ្នកចូលរួមក៏បានទស្សនាតំបន់បេតិកភណ្ឌអង្គរ រួមទាំងការទស្សនាព្រឹត្តិការណ៍សមរាត្រី ដែលជាទិដ្ឋភាពធម្មជាតិដ៏កម្រមួយ ព្រះអាទិត្យរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត ដែលអាចមើលឃើញបានច្បាស់ពីគោបុរៈ ហើយកើតឡើងត្រឹមពីរដងប៉ុណ្ណោះក្នុងមួយឆ្នាំ។
គួរបញ្ជាក់ថា នេះជាលើកទី៨ នៃការរៀបចំព្រឹត្តិការណ៍ «Walk for a Smile» ដែលបង្ហាញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងភាគីពាក់ព័ន្ធ តាមរយៈការសហការរវាងអង្គការស្នាមញញឹមកម្ពុជា និងអង្គការ Future Smile China ដែលបានអនុវត្តគម្រោងនេះយ៉ាងបន្តបន្ទាប់អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ដោយ៖ KPS99TV










