ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបង្ហាញអារម្មណ៍សប្បាយរីករាយជាខ្លាំងដែលបានជូនដំណើរសិល្បករសិល្បការិនីរបាំព្រះរាជទ្រព្យកម្ពុជាទៅសម្ដែងនៅប្រទេសចិន ខណៈឯកឧត្តម មានភាពជឿជាក់ថា វប្បធម៌ខ្មែរនឹងទទួលបានការស្រឡាញ់ពេញចិត្តពីប្រជាជនចិនក៏ដូចជាពិភពលោក។
ឯកឧត្តម Wang Wenbin បានបង្ហោះសារលើទំព័រហ្វេសប៊ុកផ្លូវការនារសៀលថ្ងៃទី១៧ ខែក្កដា ឆ្នាំ២០២៥នេះថា «ខ្ញុំសប្បាយចិត្តជាខ្លាំងដែលបានជូនដំណើរសិល្បករសិល្បការិនីរបាំព្រះរាជទ្រព្យកម្ពុជាទៅសម្ដែងនៅប្រទេសចិនក្នុងឱកាសទិវារបាំប្រជាជាតិអន្តរជាតិតំបន់Xinjiang ។ ជឿជាក់ថាវប្បធម៌ខ្មែរនឹងទទួលបានការស្រឡាញ់ពេញចិត្តពីប្រជាជនចិនក៏ដូចជាពិភពលោកផងដែរ»។
សូមជម្រាបថា «របាំព្រះរាជទ្រព្យ»នេះជានាដកម្មបុរាណមួយដែលកម្ពុជាបានថែរក្សាអស់រយៈពេលដ៏យូរលង់ណាស់មកហើយ។ «របាំព្រះរាជទ្រព្យ» ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។ «របាំព្រះរាជទ្រព្យ» ឬរបាំក្បាច់បុរាណខ្មែរនេះ ជាប្រភេទរបាំដែលនាដករប្រើចលនាកាយវិកា ក្បាច់ និងមនោសញ្ចោតនាទៅតាមការវិវត្តនៃសាច់រឿង ដែលរៀបរាប់បញ្ជាក់ដោយទំនុកច្រៀងនៃក្រុមចម្រៀងជាពួក និងត្រូវបានប្រគំដោយវង់ភ្លេងពិណពាទ្យដែលមានតួនាទីប្រគំជូនរបាំនេះ៕
ដោយ៖ ង៉ែត ពិសាន្ត










