Skip to main content
Preah Sihanouk Provincial Television
Log in

សម្តេចតេជោ ហ៊ុន សែន ចុះពង្រឹងមូលដ្ឋានខេត្តបាត់ដំបង និងប៉ៃលិន ជម្រុញការផ្តល់សេវាសាធារណៈ និងដោះស្រាយកង្វល់ពលរដ្ឋ

KPS99TVHistorical original · translation unavailable

បាត់ដំបង៖ ក្នុងដំណើរចុះតាមមូលដ្ឋាននាពីព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំពិធីសំណេះសំណាលធំមួយ ជាមួយក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្តបាត់ដំបង និងខេត្តប៉ៃលិន។ ពិធីនេះមានការចូលរួមយ៉ាងកុះករពីសំណាក់សមាជិកព្រឹទ្ធសភា រដ្ឋសភា និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន។ យុទ្ធនាការចុះតាមបណ្តាខេត្តដែលបានចាប់ផ្តើមតាំងពីចុងខែសេសា ឆ្នាំ២០២៦ នេះ បានឈានដល់ខេត្តទី១៧ ហើយ ក្នុងគោលបំណងក្រើនរំលឹកដល់មន្ត្រីមូលដ្ឋានទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់លើតួនាទីភារកិច្ច ជាពិសេសការបម្រើសេវាសាធារណៈឱ្យកាន់តែប្រសើរ ការឆ្លើយតបនឹងក្តីកង្វល់របស់ពលរដ្ឋ ការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ បង្ក្រាបបទល្មើស និងការការពារធនធានធម្មជាតិ។

ជាភូមិសាស្ត្រយុទ្ធសាស្ត្រនៃដំណើរចុះមូលដ្ឋានលើកនេះ ខេត្តបាត់ដំបងដែលស្ថិតនៅភូមិភាគពាយព្យ មានផ្ទៃដីសរុប ១១ ៦៣១,២១ គីឡូម៉ែត្រក្រឡា ចែកចេញជា ១៤ ក្រុង-ស្រុក (១០៣ ឃុំ-សង្កាត់ និង ៨៤២ ភូមិ) ដោយមានប្រជាជនរស់នៅចំនួន ១ ៣៤៤ ៣២៣ នាក់។ នៅឆ្នាំ២០២៥ ខេត្តនេះមានទំហំសេដ្ឋកិច្ចរហូតដល់ប្រមាណ ៣ ៦១៨,៣ លានដុល្លារអាមេរិក ដោយក្នុងនោះវិស័យកសិកម្មគ្របដណ្តប់ខ្ពស់ជាងគេដល់ទៅ ៦២,៣២ ភាគរយ តាមពីក្រោយដោយវិស័យសេវាកម្ម ២២,២៦ ភាគរយ និងឧស្សាហកម្ម ១៥,៤២ ភាគរយ ខណៈចំណូលមធ្យមសម្រាប់មនុស្សម្នាក់ទទួលបាន ២ ៥៦៣ ដុល្លារក្នុងមួយឆ្នាំ។ លើសពីនេះ បាត់ដំបងមានព្រំប្រទល់ជាប់ប្រទេសថៃប្រវែង ១៤៤,៨ គីឡូម៉ែត្រ ដោយមានបង្គោលសីមាចំនួន ១៣ និងមានច្រកទ្វារព្រំដែនសរុបចំនួន ៥ (ច្រកទ្វារអន្តរជាតិ ២ និងច្រកទ្វារតំបន់ ៣)។

ដោយឡែក ខេត្តប៉ៃលិន ដែលជាទឹកដីចុងក្រោយគេបង្អស់ដែលបានទទួលសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨ នោះ មានចម្ងាយ ៣៧៥ គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងត្រូវបានព័ទ្ធជុំវិញដោយខេត្តបាត់ដំបង ព្រមទាំងមានព្រំប្រទល់ជាប់ប្រទេសថៃប្រវែង ៥៣,២ គីឡូម៉ែត្រ។ ខេត្តប៉ៃលិនមានផ្ទៃដីសរុប ១ ១៩៥,១៨ គីឡូម៉ែត្រក្រឡា ចែកចេញជា ១ ក្រុង និង ១ ស្រុក (មាន ៨ ឃុំ-សង្កាត់ និង ៩៣ ភូមិ) ដោយមានប្រជាពលរដ្ឋរស់នៅសរុបចំនួន ៨៤ ៦២៣ នាក់។ ទោះបីជាខេត្តមានទំហំតូច ប៉ុន្តែប៉ៃលិនមានសក្តានុពលសេដ្ឋកិច្ចខ្លាំងតាមរយៈផ្លូវជាតិសំខាន់ៗចំនួន ២ខ្សែ គឺផ្លូវជាតិលេខ ៥៧ និងលេខ ៥៩ រួមទាំងមានប្រព័ន្ធធារាសាស្ត្រធម្មជាតិធំៗគឺ ស្ទឹងភ្នំដំបង ស្ទឹងប៉ៃលិន និងស្ទឹងកុយ ដែលជាប្រភពទឹកយ៉ាងសំខាន់សម្រាប់ទ្រទ្រង់ជីវភាពប្រជាជនក្នុងតំបន់។ ដោយ៖ ឡាយ កុល

Comments

Loading comments…