Skip to main content
Preah Sihanouk Provincial Television
Log in

អភិសន្តិបណ្ឌិត ស សុខា អំពាវនាវឱ្យអ្នកប្រើប្រាស់យានយន្តគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅដងផ្លូវ

KPS99TVHistorical original · translation unavailable

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៧ ដែលរៀបចំនៅបរិវេណឆ្នេរព្រែកកំពង់បាយ ខេត្ត កំពត។
ក្នុងឱកាសនោះ ឯកឧត្តមបានបញ្ជាក់ថា ការប្រារព្ធទិវានេះ គឺជាផ្នែកមួយនៃការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងរួមចំណែកអនុវត្តផែនការសកម្មភាពទសវត្សសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ របស់ អង្គការសហប្រជាជាតិ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានឱ្យដឹងថា ក្រសួងមហាផ្ទៃបានផ្អាកការផាកពិន័យបទល្មើសចរាចរណ៍មួយរយៈ និងផ្តោតលើការអប់រំ ណែនាំវិញ ប៉ុន្តែវិធានការសំខាន់ៗ ដូចជាការត្រួតពិនិត្យជាតិអាល់កុល និងអាវុធជាតិផ្ទុះ នៅតែបន្តអនុវត្តជាធម្មតា។ ទន្ទឹមនឹងនេះ គ្រោះថ្នាក់ចរាចរណ៍បានបង្ហាញសញ្ញាកើនឡើងក្រោយការផ្អាកការផាកពិន័យ។
ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ឱ្យគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ និងដោយមានការគាំទ្ររបស់រាជរដ្ឋាភិបាល ដែលសម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេចជាផ្លូវការប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ និងបានបន្តដឹកនាំប្រារព្ធជារៀងរាល់ឆ្នាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងអណត្តិទី៧នៃរាជរដ្ឋាភិបាល សំដៅលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ អំពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ដែលបានបង្កបាត់បង់ជីវិតមនុស្ស កាយសម្បទា និងបង្កការខូចខាតទ្រព្យសម្បត្តិរដ្ឋនិងឯកជនជាច្រើន។
«ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍» ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរក្សាសុវត្ថិភាពលើដងផ្លូវ។
សូមបញ្ជាក់ថា ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៦ គឺជាការប្រារព្ធលើកទី១៧ នៅកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ និងជំរុញការចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតក្នុងកម្រិតទាបបំផុត៕ ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…