Skip to main content
Preah Sihanouk Provincial Television
Log in

អាជ្ញាធរស្រុកឈូក ខេត្តកំពត ចាត់វិធានការក្តៅលើឃ្លាំងស្តុកទំនិញខុសច្បាប់នាំចូលពីថៃ

KPS99TVHistorical original · translation unavailable

(កំពត) ៖ ឃ្លាំងស្តុកទំនិញចំនួន ៤ កន្លែង នៅក្នុងផ្សារឈូក ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យ និងរកឃើញមានការស្តុកទុកទំនិញខុសច្បាប់ដែលនាំចូលពីប្រទេសថៃ។ យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ ការពារផលប្រយោជន៍អ្នកប្រើប្រាស់ និងអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំខេត្ត។

ការរកឃើញ និងវត្ថុតាងនៅក្នុងប្រតិបត្តិការក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត លោក សៅ មឿន អភិបាលស្រុកឈូក បានដឹកនាំកម្លាំងចម្រុះចុះទៅដល់ទីតាំងស្តុកទំនិញផ្ទាល់ ដែលស្ថិតក្នុងភូមិសត្វពង ឃុំសត្វពង (តំបន់ផ្សារឈូក)។

នៅក្នុងការឆែកឆេរនោះ សមត្ថកិច្ចបានរកឃើញទំនិញជាច្រើនប្រភេទរួមមាន គ្រឿងទេស ភេសជ្ជៈ និងសម្ភារប្រើប្រាស់ផ្សេងៗ ដែលក្នុងនោះមានវត្ថុតាងសំខាន់ៗដូចជា៖

ស្ករសចំនួន ២៩បាវ ប៊ីចេងចំនួន ៣បាវ (ដែលសុទ្ធសឹងជាទំនិញទើបតែនាំចូលខុសច្បាប់ពីប្រទេសថៃ)។

វិធានការអប់រំ និងការព្រមានតាមផ្លូវច្បាប់ក្រោយការរកឃើញ មន្ត្រីជំនាញមិនទាន់បានចាត់វិធានការក្តៅភ្លាមៗនោះទេ ដោយបានត្រឹមធ្វើការអប់រំ ណែនាំ និងតម្រូវឱ្យម្ចាស់អាជីវកម្មទាំងអស់ធ្វើកិច្ចសន្យាបញ្ឈប់រាល់ការទិញ លក់ ក៏ដូចជាចែកចាយទំនិញខុសច្បាប់ទាំងនោះបន្តទៀត។ ទន្ទឹមនឹងនេះ អាជ្ញាធរក៏បានដាស់តឿនឱ្យអាជីវករមានមនសិការស្នេហាជាតិ និងចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ទោះជាយ៉ាងណា អាជ្ញាធរស្រុកឈូកបានសង្កត់ធ្ងន់ថា នេះជាការព្រមានលើកទីមួយ ប្រសិនបើម្ចាស់ឃ្លាំងនៅតែបន្តល្មើសកិច្ចសន្យា សមត្ថកិច្ចនឹងចាត់វិធានការតឹងរ៉ឹងបំផុត ដោយដកហូតទំនិញទាំងអស់ និងកសាងសំណុំរឿងបញ្ជូនទៅតាមនីតិវិធីច្បាប់ជាធរមាន។

គួរជម្រាបថា យុទ្ធនាការរឹតបន្តឹងបទល្មើសសេដ្ឋកិច្ចមួយនេះ មានការសហការចូលរួមយ៉ាងសកម្មពីសំណាក់មន្ត្រីជំនាញជាច្រើនស្ថាប័ន រួមមាន សាខាគយ និងរដ្ឋាករខេត្តកំពត, មន្ទីរពាណិជ្ជកម្មខេត្ត, សាខា ក.ប.ប. ខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធជាច្រើនរូប៕

ដោយ ៖ ឡាយ កុល

Comments

Loading comments…