Skip to main content
Preah Sihanouk Provincial Television
Log in

បង្ក្រាបទីតាំងឆបោកអនឡាញនៅក្រុងបាវិត ឃាត់ខ្លួនជនបរទេស ១៦៩នាក់ ក្នុងនោះជនជាតិកូរ៉េ ២នាក់មានដីកាក្រហម

KPS99TVHistorical original · translation unavailable

ខេត្តស្វាយរៀង៖ កម្លាំងនាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ក្រោមការសម្របសម្រួលនីតិវិធីពីលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង បានចុះត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅកាស៊ីណូ ហ្គោដ ឡាក់ ចំនួន ៣អគារ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប រួមមាន អនុប្រធាននាយកដ្ឋានចារកម្ម ស្នងការរងនគរបាលខេត្ត អភិបាលរងក្រុង អធិការ និងមន្ត្រីនគរបាលក្រុងបាវិត ព្រមទាំងមន្ត្រីរដ្ឋបាលក្រុង។

ជាលទ្ធផល សមត្ថកិច្ចបានរកឃើញ និងឃាត់ខ្លួនជនបរទេសសរុប ១៦៩នាក់ ក្នុងនោះស្រី ៥៦នាក់។ ជនបរទេសទាំងនេះរួមមាន ជនជាតិចិន ៨៥នាក់ ស្រី ១៥នាក់, ជនជាតិវៀតណាម ៦៨នាក់ ស្រី ៣៧នាក់, ជនជាតិឡាវ ៤នាក់, ជនជាតិកូរ៉េ ៤នាក់, ជនជាតិនេប៉ាល់ ៣នាក់ និងជនជាតិម៉ាឡេស៊ី ១នាក់។

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងចំណោមជនជាតិកូរ៉េទាំង ៤នាក់ មាន ២នាក់ត្រូវបានរកឃើញថា មាននិវេទន៍ក្រហម (Red Notice) ហើយត្រូវបានបញ្ជូនទៅនាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចាត់ការតាមនីតិវិធីបន្ត។

ដោយឡែក ជនជាតិវៀតណាម ១៩នាក់ ស្រី ៨នាក់ ដែលពាក់ព័ន្ធនឹងករណីប្រើប្រាស់សារធាតុញៀនខុសច្បាប់ និងជនជាតិចិន ១នាក់ ដែលគ្មានលិខិតឆ្លងដែន ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីសាកសួរ និងអនុវត្តនីតិវិធីច្បាប់ជាបន្តទៀត៕

ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…