Skip to main content
Preah Sihanouk Provincial Television
Log in

អភិបាលខេត្តតាកែវ ជំរុញការចិញ្ចឹម និងភ្ញាស់កូនបង្កង ខណៈទីផ្សារមានតម្រូវការខ្ពស់ និងតម្លៃល្អ

KPS99TVHistorical original · translation unavailable

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យកសិដ្ឋានចិញ្ចឹម និងភ្ញាស់កូនបង្កងនៅស្រុកអង្គរបូរី ដើម្បីស្វែងយល់ពីដំណើរការផលិត បច្ចេកទេសចិញ្ចឹម និងស្ថានភាពជាក់ស្តែងរបស់ប្រជាកសិករដែលកំពុងប្រកបមុខរបរនេះ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានជួបសំណេះសំណាល និងផ្លាស់ប្តូរបទពិសោធន៍ជាមួយម្ចាស់កសិដ្ឋាន ព្រមទាំងណែនាំឱ្យបន្តសហការជិតស្និទ្ធជាមួយមន្ត្រីជំនាញនៃមន្ទីរកសិកម្ម ដើម្បីទទួលបានចំណេះដឹង និងបច្ចេកទេសទំនើបៗ ពាក់ព័ន្ធនឹងការគ្រប់គ្រងចំណី ការថែទាំ និងការដោះស្រាយបញ្ហាប្រឈមផ្សេងៗ ក្នុងការចិញ្ចឹមបង្កងឱ្យមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម វ៉ី សំណាង ក៏បានលើកទឹកចិត្តដល់ប្រជាកសិករឱ្យពង្រីកការចិញ្ចឹម និងភ្ញាស់កូនបង្កងបន្ថែមទៀត ដោយសារបង្កងដែលផលិតនៅខេត្តតាកែវមានគុណភាពល្អ រសជាតិឆ្ងាញ់ ទទួលបានការគាំទ្រពីអ្នកប្រើប្រាស់ និងមានតម្លៃទីផ្សារល្អ។ ជាពិសេស តម្រូវការទីផ្សារកំពុងកើនឡើងជាបន្តបន្ទាប់ ដែលជាឱកាសដ៏ល្អសម្រាប់ប្រជាកសិករក្នុងការបង្កើនផលិតកម្ម និងប្រាក់ចំណូលគ្រួសារ។

ការជំរុញវិស័យចិញ្ចឹមបង្កងនេះ ត្រូវបានចាត់ទុកថាជាផ្នែកមួយនៃការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន បង្កើតការងារ និងបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ជនបទឱ្យកាន់តែប្រសើរឡើង៕

ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…