កម្ពុជា និង សហរដ្ឋអាមេរិក បានចាប់ផ្តើមរៀបចំផែនការសម្រាប់ការវិលត្រឡប់មកវិញនៃ Angkor Sentinel 2027 ដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២៧ បន្ទាប់ពីបានផ្អាកអស់រយៈពេលជាងមួយទសវត្សរ៍ ចាប់តាំងពីឆ្នាំ២០១៦។
ក្រុមមន្ត្រីយោធាមកពី បញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក និង Idaho Army National Guard បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃ កងយោធពលខេមរភូមិន្ទ និង មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព (NPMEC) ដើម្បីរៀបចំសន្និសីទអភិវឌ្ឍន៍គោលគំនិតសម្រាប់សមយុទ្ធនេះ។
យោងតាមការចុះផ្សាយរបស់ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កិច្ចប្រជុំបានប្រព្រឹត្តទៅនៅរាជធានី ភ្នំពេញ និងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនប្រតិបត្តិការរក្សាសន្តិភាព ដោយមានការចូលរួមពីថ្នាក់ដឹកនាំយោធាជាន់ខ្ពស់នៃប្រទេសទាំងពីរ។
ការរៀបចំសមយុទ្ធឡើងវិញនេះ ត្រូវបានមើលឃើញថា ជាសញ្ញាវិជ្ជមាននៃការពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជា និងសហរដ្ឋអាមេរិក ព្រមទាំងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការត្រៀមខ្លួនរួមក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕
ដោយ៖ ប៉ៃ សុឃីំម











