ផ្លូវបេតុង និងអ៊ុតកៅស៊ូថ្មីប្រវែង ៧គីឡូម៉ែត្រ ស្ថិតនៅតំបន់ ឋានសួគ៌គិរីរម្យ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះ មានតម្លៃសរុបប្រមាណ ១,២២លានដុល្លារអាមេរិក ដែលជាការវិនិយោគផ្ទាល់ពីអ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេសប្រេស ខូអិលធីឌី ។
ការសម្ពោធនេះ ធ្វើឡើងស្របពេលកម្ពុជាកំពុងអនុវត្តយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២៦ ដើម្បីជំរុញការធ្វើដំណើរកម្សាន្ត និងលើកស្ទួយវិស័យទេសចរណ៍ក្នុងស្រុក។
ក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកោតសរសើរចំពោះទឹកចិត្ត និងការចូលរួមរបស់វិស័យឯកជន ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគាំទ្រដល់ការរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា។
ជាមួយគ្នានេះ ខេត្តកំពង់ស្ពឺ កំពុងប្រែក្លាយពីខេត្តកសិកម្ម ទៅជាខេត្តកសិ-ឧស្សាហកម្ម និងជាប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពល ដោយសារការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញតភ្ជាប់កាន់តែប្រសើរ។
ផ្លូវថ្មីនេះត្រូវបានចាត់ទុកថា ជា «សរសៃឈាមសេដ្ឋកិច្ច» ថ្មីមួយសម្រាប់តំបន់គិរីរម្យ ដែលនឹងជួយសម្រួលការធ្វើដំណើរ ទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន និងបង្កើនឱកាសសេដ្ឋកិច្ចជូនប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ៕
ដោយ៖ ប៉ៃ សុឃីម













