ព្រះបរមរាជវាំង នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មានដោយបានគូសបញ្ជាក់ថា ក្រោយពីបានទទួលការព្យាបាលព្រះរោគដោយការវះកាត់ និងក្រោមការពិនិត្យតាមដានថែទាំយ៉ាងម៉ត់ចត់ និងយកចិត្តទុកដាក់ជាទីបំផុត នៅព្រះរាជដំណាក់ទីក្រុងប៉េកាំង ពីថ្នាក់ដឹកនាំ លោក លោកស្រី សាស្ត្រាចារ្យ វេជ្ជបណ្ឌិត និងគិលានុបដ្ឋាក-គិលានុបដ្ឋាយិកា នៅមន្ទីរពេទ្យប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន អស់រយៈពេលជាងបីខែកន្លងមកនេះ ព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្តើរៗ ។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យនឹងយាងនិវត្តន៍មកកាន់មាតុប្រទេសវិញ ក្នុងពេលឆាប់ៗខាងមុខនេះ ។
យោងលើវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យប៉េកាំង សូមព្រះបរមរាជានុញ្ញាតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រោសព្រះរាជទានក្រុមគ្រូពេទ្យពិនិត្យតាមដាន និងថែទាំព្រះរាជសុខភាពជាបន្តទៀត នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ ។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ នឹងយាងមកគង់ប្រថាប់នៅក្នុងមាតុប្រទេសជាមួយបងប្អូនជនរួមជាតិវិញ ។ ព្រះអង្គទាំងទ្វេ សូមថ្លែងអំណរព្រះគុណ និងអរគុណថ្វាយ ប្រគេនសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនសម្តេចថ្នាក់ដឹកនាំកំពូលជាតិ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកន្លងមក និងពេលបច្ចុប្បន្នបានថ្វាយព្រះសព្ទសាធុការពរ និងបួងសួងគុណព្រះរតនត្រ័យ សូមឱ្យព្រះអង្គទាំងទ្វេ បានឆាប់ជាសះស្បើយពីព្រះរោគាពាធ សូមព្រះប្រកបដោយព្រះបរមសុខគ្រប់ប្រការ ដើម្បីគង់ប្រថាប់នៅក្នុងភាពសុខក្សេមក្សាន្ត ជាដរាបតរៀងរហូតទៅ៕
ដោយ ៖ ឡាយ កុល








