ប៉ុន្មានថ្ងៃកន្លងមកនេះ មានសារព័ត៌មានមួយចំនួន បានចុះផ្សាយចោទប្រកាន់ថា អាជ្ញាធរមានការគប់គិតជាមួយឈ្មួញឯកជនចាក់ដីលុបអូរ និងប្រឡាយធម្មជាតិរបស់រដ្ឋ ស្ថិតនៅភូមិដ៏ក្រហម ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។ ជុំវិញករណីនេះ រដ្ឋបាលស្រុកសំរោង បានបដិសេធការចោទប្រកាន់ខាងលើ និងបញ្ជាក់ថា ការចាក់ដីនេះ ជាគម្រោងស្តារអាងទឹកបត់រកាដែលទទួលបានការអនុញ្ញាតត្រឹមត្រូវតាមផ្លូវច្បាប់។
ក្នុងសេចក្តីបំភ្លឺព័ត៌មានចេញនៅថ្ងៃទី២៩ ខែមិថុនា រដ្ឋបាលស្រុកសំរោង បានបដិសេធនិងបំភ្លឺនូវអង្គហេតុពិតប្រាកដចំនួន២។ ទី១៖ ផ្អែកលើទិដ្ឋភាពច្បាប់ និងការអនុញ្ញាតជាផ្លូវការ៖ ទីតាំងដែលកំពុងដំណើរការនេះ គឺជាគម្រោងស្ដារ អាងទឹកបត់រកាបន្តដែលមានទំហំ ២ហិកតា ស្ថិតក្នុងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។ គម្រោងនេះទទួលបាន ការអនុញ្ញាតត្រឹមត្រូវតាមផ្លូវច្បាប់ពីក្រសួងធនធានទឹក និងឧតុនិយម យោងតាមលិខិតលេខ ១៧៤៦ ធទឧ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ដោយកំណត់ការជីកស្តាររយៈពេល ២ឆ្នាំគត់ ដើម្បីដោះស្រាយបញ្ហាកង្វះទឹកស្អាតសម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកសំរោងនាឆ្នាំ២០២៤ កន្លងមក។
ទី២៖ ការប្រើប្រាស់អាចម៍ដី៖ អាចម៍ដីដែលបានមកពីការស្ដារអាងទឹកនេះ មិនត្រូវបានលក់ដូរទេ គឺលោក ហែម ម៉ាច ជាម្ចាស់ទឹកស្អាតបត់រកាបានស្នើសុំចាក់បំពេញអាចម៍ដ៍ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៣ក្បាលដីរួមមាន លេខៈ 21070802-0306 លេខៈ 21070802-0399 និងលេខៈ 21070802-0399 ហើយ ការចាក់នាពេលកន្លងមកដែលសារព័ត៌មានបានចុះផ្សាយ គឺចាក់ដើម្បីពង្រីកតួផ្លូវសាធារណៈ និងសម្រាប់ធ្វើផ្លូវចូលទៅចាក់បំពេញអាចម៍ដីកម្មសិទ្ធនៅផ្នែកខាងក្រោយតែប៉ុណ្ណោះ នៅពេលចាក់ដីចប់រួចរាល់ ម្ចាស់ដីឯកភាពកាយ យកអាចម៍ដីនៅលើផ្លូវនោះចេញវិញដោយមិនឱ្យមានផលប៉ះពាល់ទៅលើដីកម្មសិទ្ធសាធារណៈឡើយ។
សម្រាប់អាចម៍ដីដែលនៅសល់ពីការស្តារបឹងបត់រកាខាងលើនេះ និងយកមកចាក់បំពេញពង្រីកតួផ្លូវខេត្តលេខ១២៩ ចន្លោះស្ពាននៃអាងទឹកបឹងបត់កា និងគ្រោងចាក់ដីពង្រីកផ្លូវសាធារណៈផ្នែកខាងកើត ដើម្បីដាំដើមឈើនៅសងខាងផ្លូវកៅស៊ូ ដែលតភ្ជាប់ពីចំណុចផ្លូវកៅស៊ូខេត្តលេខ១២៩ ទៅវត្ដអំពិលបី តាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ពិសេសដើម្បីបម្រើផលប្រយោជន៍សាធារណៈ ព្រមទាំងកែលម្អសោភ័ណភាពទីប្រជុំជនបត់រកា។
ពាក់ព័ន្ធការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានដែលថា អាជ្ញាធរគប់គិតជាមួយឈ្មួញចាក់ដី លុបអូរប្រឡាយ រដ្ឋបាលស្រុក បានចាត់ទុកថា ជាព័ត៌មានមិនពិត មិនឆ្លុះបញ្ចាំងពីការពិត និងធ្វើឱ្យមានការភាន់ច្រឡំដល់សាធារណៈមតិទាំងស្រុង។
រដ្ឋបាលស្រុក បានអំពាវនាវដល់សាធារណៈជន អ្នកប្រើប្រាស់បណ្តាញសង្គម និងបណ្ដាញសារព័ត៌មានទាំងអស់ត្រូវស្វែងរកព័ត៌មានជុំវិញគម្រោងអភិវឌ្ឍន៍នានាពីអាជ្ញាធរមានសមត្ថកិច្ច ជាមុនសិនជៀសវាងការផ្សព្វផ្សាយព័ត៌មានខ្វះការពិភាក្សា និងផ្ទៀងផ្ទាត់ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍មូលដ្ឋានរបស់អាជ្ញាធរ៕
ដោយ៖ ង៉ែត ពិសាន្ត














