Skip to main content
Preah Sihanouk Provincial Television
Log in

រដ្ឋមន្រ្តីទេសចរណ៍ចាត់ទុក តារារិទ្ធ ជាទូតសុឆន្ទៈទេសចរណ៍ម្នាក់ជួយផ្សព្វផ្សាយកិត្តិនាមកម្ពុជាលើពិភពលោកតាមរយៈការជិះកង់

KPS99TVHistorical original · translation unavailable

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានចាត់ទុកលោក ទីវ តារារិទ្ធ ជាទូតសុឆន្ទៈទេសចរណ៍ម្នាក់ ក្នុងការធ្វើដំណើរជិះកង់មនុស្សធម៌រៃអង្គាស់ថវិកាជួយកុមារកម្ពុជាពីទ្វីបអាស៊ី អឺរ៉ុប និងបញ្ចប់នៅតំបន់អាហ្រ្វិចខាងត្បូង បានជួយផ្សព្វផ្សាយរូបភាពវិជ្ជមានរបស់កម្ពុជា និងកិត្តិនាមកម្ពុជាទៅកាន់ពិភពលោក។  

ការចាត់ទុកលោក ទីវ តារារិទ្ធ ជាទូតសុឆន្ទៈទេសចរណ៍ម្នាក់ ធ្វើឡើងក្នុងឱកាសឯកឧត្តម ហួត ហាក់ បានអនុញ្ញាតឱ្យលោក ទីវ តារារិទ្ធ អ្នកធ្វើដំណើរដោយជិះកង់ជុំវិញពិភពលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងចែករំលែកបទពិសោធពីការជិះកង់ពីទ្វីបអាស៊ី អឺរ៉ុប និងបញ្ចប់នៅតំបន់អាហ្រ្វិចខាងត្បូង ក្នុងចម្ងាយផ្លូវ ៥៨,០០០គីឡូម៉ែត្រ ដោយឆ្លងកាត់ប្រទេសសរុប ៤០ និងប្រើពេល ២ឆ្នាំពេញ ឬស្មើនឹង ៧៣០ថ្ងៃ។

ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទេពកោសល្យ ឆន្ទៈខ្ពស់ បទពិសោធ ការតស៊ូ និងស្មារតីស្រឡាញ់ជាតិពីសំណាក់លោក ទីវ តារារិទ្ធ ក្នុងការធ្វើដំណើរទៅកាន់ប្រទេសនានា ដើម្បីផ្សព្វផ្សាយរូបភាពវិជ្ជមានរបស់កម្ពុជា ក៏ដូចជាការចូលរួមសកម្មភាពមនុស្សធម៌ និងសង្គម។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងទេសចរណ៍ ស្វាគមន៍ និងគាំទ្រចំពោះគំនិតផ្តួចផ្តើមដែលចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសការនាំយកអច្ឆរិយភាពកម្ពុជាទៅកាន់ពិភពលោក។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦កន្លងទៅ ឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រដល់បេសកកម្មនៃការបើកបរទោចក្រយានយន្តពីកម្ពុជាឆ្ពោះទៅកាន់ពិព័រណ៍ម៉ូតូអន្តរជាតិ Esposizione Internazionale delle Due Ruote (EICMA) ដែលនឹងប្រារព្ធឡើងពីថ្ងៃទី០៥ ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុង Milan ប្រទេសអ៊ីតាលី ក្រោមកិច្ចសហការរវាងក្រុមហ៊ុន Calypso Motors និងក្រុមហ៊ុន ជីប ម៉ុង ។

ជាក់ស្តែង គំនិតផ្តួចផ្តើម និងសកម្មភាពទាំងនេះ គឺពិតជាបានចូលរួមចំណែកជំរុញការផ្សព្វផ្សាយកិត្តិនាមកម្ពុជាទៅកាន់ពិភពលោក និងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា ក៏ដូចជាជំរុញការវិនិយោគនៅកម្ពុជា។ ក្នុងន័យនេះ ក្រសួងទេសចរណ៍ នឹងបន្តខិតខំជំរុញគំនិតផ្តួចផ្តើម និង គាំទ្រនូវរាល់បេសកកម្មនានាដែលនាំ អច្ឆរិយភាពកម្ពុជាទៅកាន់ពិភពលោក ដើម្បីនាំពិភពលោកមកកម្ពុជាវិញ៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…