ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្ភាសជនបរទេសសរុប ១,១៥៤នាក់ (ស្រី ៥២នាក់) មកពី ៣៦សញ្ជាតិ ដែលបានដាក់ពាក្យសុំចុះបញ្ជីរៀបអាពាហ៍ពិពាហ៍ជាមួយពលរដ្ឋខ្មែរ។
ក្នុងរយៈពេលដូចគ្នា នាយកដ្ឋានក៏បានវាយតម្លៃ និងបញ្ជូនសំណុំឯកសារជនបរទេស ១,១៦៩នាក់ (ស្រី ៤៣នាក់) ទៅក្រុមការងារចម្រុះច្រកចេញ-ចូលតែមួយ ដើម្បីបន្តនីតិវិធីស្របតាមច្បាប់។
បើតាមអនុក្រឹត្យស្តីពី ការកំណត់បែបបទ និងនីតិវិធីនៃការរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេស ជនបរទេសដែលមានបំណងរៀបអាពាហ៍ពិពាហ៍ជាមួយពលរដ្ឋខ្មែរ ត្រូវមានវត្តមានផ្ទាល់នៅកម្ពុជា និងបំពេញឯកសារចាំបាច់ រួមមាន លិខិតឆ្លងដែនមានទិដ្ឋាការសុពលភាព លិខិតបញ្ជាក់ស្ថានភាពគ្រួសារ លិខិតថ្កោលទោស លិខិតបញ្ជាក់មុខរបរ និងលិខិតបញ្ជាក់សុខភាព។
បន្ទាប់ពីឆ្លងកាត់ការពិនិត្យពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងមហាផ្ទៃ ភាគីទាំងពីរត្រូវដាក់ពាក្យសុំនៅសាលាឃុំ-សង្កាត់នៃលំនៅដ្ឋានភាគីខ្មែរ។ ក្រោយបិទប្រកាសជាសាធារណៈរយៈពេល ១០ថ្ងៃ ដោយគ្មានការជំទាស់ ទើបអាចចុះបញ្ជី និងរៀបអាពាហ៍ពិពាហ៍ស្របច្បាប់បាន។
នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆមាសទី១ ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានជំរុញឱ្យមន្ត្រីជំនាញគ្រប់ស្ថាប័នបន្តពង្រឹងការត្រួតពិនិត្យ និងទប់ស្កាត់អំពើជួញដូរមនុស្សក្រោមរូបភាពរៀបអាពាហ៍ពិពាហ៍មិនស្របច្បាប់ ដើម្បីការពារសុវត្ថិភាព និងសិទ្ធិរបស់ប្រជាពលរដ្ឋ។
«សូមតាមដាន KPS99 ដើម្បីទទួលបានព័ត៌មានថ្មីៗ!»៕
ដោយ៖ ប៉ៃ សុឃីម








