កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានបន្តសាងសង់លេណដ្ឋានយោធាថ្មី ដោយរំលោភចូលក្នុងទឹកដីកម្ពុជានៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា នៅខេត្តពោធិ៍សាត់ ហើយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលថៃ បានប្រកាសផែនការពង្រីកបណ្តាញអគ្គិសនីជាតិរបស់ថៃទៅកាន់តំបន់ប្រាសាទតាក្របី និងភ្នំ៣៣៣។ ចំណែក រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសតវ៉ាយ៉ាងខ្លាំងចំពោះការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាតាមបណ្តោយព្រំដែននេះ ដោយបានចាត់ទុកសកម្មភាពទាំងនេះគឺជាការប៉ុនប៉ងពង្រឹងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់របស់ថៃ ដែលរំលោភលើកាតព្វកិច្ចរបស់ខ្លួន ក្រោមសន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ស្តីពីការកំណត់ព្រំដែនគោកជាមួយកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញនៅយប់ថ្ងៃទី១០សីហានេះ។
បើតាមសេចក្តីប្រកាសព័ត៌មាននេះ បានអះអាងថា សកម្មភាពដែលបានរៀបរាប់ខាងលើ គឺជាការរំលោភបំពានលើមាត្រា៥ នៃអនុស្សរណៈនៃការយោគ យល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក (MoU ឆ្នាំ២០០០) ព្រមទាំងចំណុចទី១ (វិធានការកាត់បន្ថយភាពតានតឹង) នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
រាជរដ្ឋាភិបាលកម្ពុជាសូមប្រឆាំងជំទាស់ដាច់ខាតចំពោះការរំលោភបំពានជាបន្តបន្ទាប់ និងកាន់តែខ្លាំងឡើងរបស់កងកម្លាំងប្រដាប់អាវុធថៃ ហើយបញ្ជាក់ជាថ្មីនូវជំហរដ៏មុតមាំថា តំបន់ដែលបានរៀបរាប់ខាងលើនេះ គឺស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាទាំងស្រុង ដូចដែលបានកំណត់ និងខណ្ឌសីមា ដោយផែនទីមាត្រដ្ឋាន ១:២០០.០០០ ។ នេះបើតាមក្រសួងការរបរទេសកម្ពុជាបានបញ្ជាកើបន្ថែម។
តាមសេចក្តីប្រកាសព័ត៌មានដដែល កម្ពុជាទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងនេះនៅតំបន់ដែលបានរៀបរាប់ខាងលើ ក៏ដូចជានៅតំបន់ផ្សេងទៀត ដែលត្រូវបានកាន់កាប់ដោយខុសច្បាប់ដោយកងកម្លាំងប្រដាប់អាវុធថៃ ចាប់តាំងពីឆ្នាំមុនមក ដើម្បីកាត់បន្ថយភាពតានតឹង ជំរុញការជឿទុកចិត្តគ្នាទៅវិញទៅមក សម្របសម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី ដើម្បីស្តារឡើងវិញនូវសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ចំណែក កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយរាល់ជម្លោះព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាង ទាំងអស់ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា ខ្សែបន្ទាត់ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយប្រើកម្លាំងនោះឡើយ៕
ដោយ៖ ង៉ែត ពិសាន្ត









