ខេត្តព្រះសីហនុ៖ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសំណើសុំអត្ថប្រយោជន៍ពន្ធ សម្រាប់ការនាំចូលសម្ភារៈ បរិក្ខារផលិតកម្ម និងវត្ថុធាតុដើម ដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ ចំនួន ២គម្រោង។
កិច្ចប្រជុំនេះបានធ្វើឡើងកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ដោយផ្តោតលើការពិនិត្យលទ្ធភាព និងលក្ខខណ្ឌពាក់ព័ន្ធនឹងការគាំពារវិនិយោគ និងការនាំចូលសម្ភារៈចាំបាច់សម្រាប់ដំណើរការផលិតកម្មរបស់រោងចក្រទាំងពីរ។
គម្រោងទាំង ២ រួមមាន៖
១. រោងចក្រផលិត និងផ្តុំដំឡើងបរិក្ខារដឹកជញ្ជូនរុញដោយដៃ និងបរិក្ខារសម្រាប់បោះជំរុំ របស់ក្រុមហ៊ុន HONGRUNFA (CAMBODIA) MACHINERY CO., LTD. មានទីតាំងនៅអគារលេខ K-1 ផ្លូវជាតិលេខ៤ ភូមិអូរចំណារ ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
២. រោងចក្រផលិត កែច្នៃ និងដំឡើងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ របស់ក្រុមហ៊ុន SENCE INDUSTRIES (CAMBODIA) CO., LTD. មានទីតាំងនៅក្បាលដីលេខ A និង B ផ្លូវលេខ៤១ ក្រុមទី២៣ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ការពិនិត្យ និងពិភាក្សាលើសំណើទាំងនេះ គឺជាផ្នែកមួយនៃការសម្របសម្រួល និងគាំទ្រដល់សកម្មភាពវិនិយោគ និងផលិតកម្មនៅក្នុងខេត្តព្រះសីហនុ ស្របតាមគោលនយោបាយជំរុញការវិនិយោគ និងការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា៕
ដោយ៖ ប៉ៃ សុឃីម

















