Skip to main content
Preah Sihanouk Provincial Television
Log in

សម្ដេចធិបតី អនុញ្ញាតឱ្យអនុរដ្ឋមន្ត្រី ក្រសួងសង្គ្រាមអាមេរិក ចូលជួបពិភាក្សាការងារ!

KPS99TVHistorical original · translation unavailable

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។

ជំនួបនេះធ្វើឡើងក្នុងបរិយាកាសស្និទ្ធស្នាល និងផ្តោតលើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ជាពិសេសក្នុងវិស័យការពារជាតិ និងសន្តិសុខ ព្រមទាំងការផ្លាស់ប្តូរយោបល់លើបញ្ហាដែលជាផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ។

សូមជម្រាបថា ឯកឧត្តម Elbridge A. Colby បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិរវាងកម្ពុជា និងសហរដ្ឋអាមេរិក ព្រមទាំងបន្តពង្រឹងទំនាក់ទំនងរវាងស្ថាប័នការពារជាតិ និងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះ ក៏ធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ នាយឧត្តមនាវី Stephen T. Koehler មេបញ្ជាការកងនាវាប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក មកកាន់ប្រទេសកម្ពុជាកាលពីសប្ដាហ៍មុន ដែលបានចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងសន្តិសុខរវាងប្រទេសទាំងពីរ។

ការផ្លាស់ប្តូរទស្សនកិច្ច និងជំនួបជាបន្តបន្ទាប់រវាងមន្ត្រីជាន់ខ្ពស់នៃកម្ពុជា និងសហរដ្ឋអាមេរិក ត្រូវបានចាត់ទុកថា ជាការបង្ហាញពីការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យការពារជាតិ សន្តិសុខ និងវិស័យពាក់ព័ន្ធ៕

ដោយ៖ KPS99TV

Comments

Loading comments…