Skip to main content
Preah Sihanouk Provincial Television
Log in

«ទឹកព្រះទ័យសប្បុរសធម៌ ព្រះមហាក្សត្រ ប្រោសព្រះរាជទានព្រះរាជទ្រព្យសន្សំផ្ទាល់ព្រះអង្គជាង ៤០ឆ្នាំ ចំនួន ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា»

KPS99TVHistorical original · translation unavailable

នៅវេលាម៉ោង ១០:០០ នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលក្រាបបង្គំគាល់ នៅព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង។ ក្នុងឱកាសនោះ ព្រះអង្គបានប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ខ្លួន ចំនួន ១០០,០០០ ដុល្លារអាម៉េរិក (ដប់ម៉ឺនដុល្លារ) សម្រាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។

អ្វីដែលគួរឱ្យរំភើប និងគោរពកោតសរសើរបំផុតនោះ គឺថវិកាដ៏ថ្លៃថ្លានេះបានមកពីការសន្សំព្រះរាជទ្រព្យផ្ទាល់ខ្លួនរបស់ព្រះអង្គអស់រយៈពេលជាង ៤០ ឆ្នាំកន្លងមក។ ការសន្សំព្រះរាជទ្រព្យដ៏មានតម្លៃនេះ បានចាប់ផ្តើមតាំងពីអំឡុងពេលដែលព្រះអង្គបំពេញព្រះរាជតួនាទីជាគ្រូបង្ហាត់សិល្បៈ ជាឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការយូណេស្កូនៅសាធារណរដ្ឋបារាំង រហូតដល់ពេលព្រះអង្គឡើងគ្រងព្រះបរមសិរីរាជ្យសម្បត្តិជាព្រះមហាក្សត្រ និងបន្តរហូតមកដល់បច្ចុប្បន្ន។

ទឹកព្រះទ័យដ៏សប្បុរស និងសកម្មភាពមនុស្សធម៌របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងឱកាសនេះ គឺពិតជាបានស្តែងឱ្យឃើញពីព្រះរាជហឫទ័យទុកដាក់ និងការគិតគូរយ៉ាងជ្រាលជ្រៅបំផុតចំពោះសុខទុក្ខ និងការលំបាករបស់ប្រជានុរាស្ត្រខ្មែរគ្រប់រូប តាមរយៈការចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយសម្រាលទុក្ខលំបាក និងការសង្គ្រោះទូទាំងប្រទេស៕

ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…