Skip to main content
Preah Sihanouk Provincial Television
Log in

កម្ពុជាថា «សាលារៀនជាសាក្សីនៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ ខណៈថៃបដិសេធរកមិនឃើញភស្តុតាងពីការខូចខាតសាលាខ្មែរនោះទេ»!

KPS99TVHistorical original · translation unavailable

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា យោធាថៃបានអះអាងជាផ្លូវការថា សាលារៀន ស្ថាប័នអប់រំ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល មិនដែលត្រូវបានកំណត់ជាគោលដៅក្រោមកាលៈទេសៈណាមួយឡើយ ក្នុងអំឡុងប្រតិបត្តិការសន្តិសុខរបស់ខ្លួន»។ ប៉ុន្តែសេចក្តីអះអាងមិនអាចផ្លាស់ប្តូរការពិតដែលបានកើតឡើងនៅលើដីបានទេ។

តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងថា សាលារៀនដែលរងការខូចខាត អគារសិក្សាដែលរងការវាយប្រហារ កុមារដែលត្រូវរត់ចេញពីផ្ទះ និងសិស្សរាប់សែននាក់ដែលត្រូវផ្អាកការសិក្សា គឺជាការពិតដែលត្រូវឆ្លើយតបដោយភស្តុតាង មិនមែនដោយការបដិសេធតាមសេចក្តីថ្លែងការណ៍នោះឡើយ។

ក្នុងការឈ្លានពានរបស់យោធាថៃទាំងពីរលើកក្នុងឆ្នាំ២០២៥ ប្រព័ន្ធអប់រំកម្ពុជានៅតាមតំបន់ព្រំដែនបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ផលវិបាកមិនមែនមានត្រឹមការខូចខាតអគារសិក្សាទេ ប៉ុន្តែបានរំខានដល់សិទ្ធិទទួលបានការអប់រំ សុវត្ថិភាព និងជីវភាពរស់នៅរបស់កុមាររាប់សែននាក់។

ពីសាលារៀនទៅជាតំបន់គ្រោះថ្នាក់ក្នុងការឈ្លានពានលើកទី១ ដែលយោធាថៃបានចាប់ផ្តើមបើកការវាយប្រហារមកលើកងទ័ពកម្ពុជានៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ សាលារៀនប្រមាណ៦០០ត្រូវបិទទ្វារ សិស្សប្រមាណ១៥០,០០០នាក់ ត្រូវផ្អាកការសិក្សា និងគ្រូបង្រៀនប្រមាណ ៦,០០០ នាក់ រងផលប៉ះពាល់។

តួលេខទាំងនេះមានន័យថា ក្នុងរយៈពេលតែប៉ុន្មានថ្ងៃ កុមាររាប់សែននាក់ដែលគួរតែអង្គុយក្នុងថ្នាក់រៀន ត្រូវចាកចេញពីសាលា ដោយសារតែទីកន្លែងដែលគួរតែជាកន្លែងមានសុវត្ថិភាពសម្រាប់កុមារ បានស្ថិតក្រោមហានិភ័យនៃការប្រយុទ្ធ។ ជាក់ស្តែង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ មានគ្រាប់ចំនួន៤ គ្រាប់ ធ្លាក់ចូលក្នុងបរិវេណសាលាបឋមសិក្សាមនោរម្យទី១ និងទី២ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

នេះជាការពិតមួយដែលសួរត្រឡប់ទៅការអះអាងរបស់យោធាថៃដោយផ្ទាល់ថា បើសាលារៀន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល «មិនដែល» ត្រូវបានប៉ះពាល់ដោយប្រតិបត្តិការយោធារបស់ខ្លួន តើគ្រាប់ទាំងនោះមកពីណា? តើហេតុអ្វីបានជាកុមារត្រូវចាកចេញពីសាលា ហើយហេតុអ្វីសាលារៀនរាប់រយត្រូវបិទទ្វារ?

ការឈ្លានពានលើកទី២ ផលប៉ះពាល់លើការអប់រំកាន់តែធ្ងន់ធ្ងរ

នៅពេលសកម្មភាពឈ្លានពានប្រដាប់អាវុធលើកទី២ បានផ្ទុះឡើងជាថ្មីក្នុងខែធ្នូ ឆ្នាំ២០២៥ ផលប៉ះពាល់លើវិស័យអប់រំកម្ពុជាកាន់តែធ្ងន់ធ្ងរ។ យោងតាមទិន្នន័យផ្លូវការ សាលាមត្តេយ្យសិក្សាបឋមសិក្សា និងមធ្យមសិក្សា ទាំងសាធារណៈនិងឯកជនសរុប ១,៣១១ សាលា ត្រូវបិទទ្វារ ប៉ះពាល់ដល់សិស្ស ៣២២,១០៣ នាក់ និងគ្រូបង្រៀន ១៥,០៣៤ នាក់។

នៅពីក្រោយតួលេខ ៣២២,១០៣ នាក់នេះ គឺជាកុមារម្នាក់ៗដែលការសិក្សាត្រូវបានកាត់ផ្តាច់ គ្រួសារដែលត្រូវភៀសខ្លួន និងសហគមន៍ដែលជីវភាពប្រចាំថ្ងៃត្រូវបានរំខាន។

បន្ទាប់ពីបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សាលារៀនជាច្រើនអាចបើកឡើងវិញជាបន្តបន្ទាប់។ ប៉ុន្តែការឈប់បាញ់មិនមានន័យថា ផលវិបាកបានបញ្ចប់នៅថ្ងៃនោះទេ។

ភាគីថៃបានអះអាងថា ការត្រួតពិនិត្យទិន្នន័យប្រតិបត្តិការ ភូមិសាស្ត្រ និងពេលវេលារបស់ខ្លួន «រកមិនឃើញភស្តុតាង» នៃសកម្មភាពយោធាថៃដែលអាចភ្ជាប់ទៅនឹងការខូចខាតសាលារៀននៅទីនោះ។ ប៉ុន្តែការស៊ើបអង្កេតដោយខ្លួនឯង និងការប្រកាសថាខ្លួនមិនបានរកឃើញភស្តុតាង មិនមែនជាការផ្ទៀងផ្ទាត់ដោយឯករាជ្យឡើយ។

ប្រសិនបើភាគីថៃមានទំនុកចិត្តលើការអះអាងរបស់ខ្លួន គួរតែបើកចំហឱ្យមានការផ្ទៀងផ្ទាត់តាមភស្តុតាងជាក់ស្តែង៖ ទីតាំងនៃការវាយប្រហារ សំណល់គ្រាប់ ប្រភេទអាវុធ ទិសដៅនៃការបាញ់ ទិន្នន័យពេលវេលា ទិន្នន័យជើងហោះហើរ រូបភាពផ្កាយរណប សក្ខីកម្ម និងការវាយតម្លៃដោយអ្នកជំនាញឯករាជ្យ។ ការបដិសេធមិនមែនជាភស្តុតាងនៃភាពគ្មានការទទួលខុសត្រូវនោះទេ។ យោធាថៃប្រើពាក្យថា សាលារៀន «មិនដែលត្រូវបានកំណត់ជាគោលដៅ»។ ប៉ុន្តែតាមច្បាប់មនុស្សធម៌អន្តរជាតិ ការវាយតម្លៃលើភាពស្របច្បាប់នៃប្រតិបត្តិការយោធាមិនបញ្ចប់ត្រឹមសំណួរថា តើសាលារៀនត្រូវបានជ្រើសរើសជាគោលដៅដោយចេតនាឬអត់នោះទេ។

ភាគីជម្លោះមានកាតព្វកិច្ចបែងចែករវាងគោលដៅយោធា និងជនស៊ីវិល ឬវត្ថុស៊ីវិល ត្រូវគោរពគោលការណ៍សមាមាត្រ និងត្រូវចាត់វិធានការប្រុងប្រយ័ត្នដែលអាចអនុវត្តបាន ដើម្បីជៀសវាង ឬយ៉ាងហោចណាស់កាត់បន្ថយការបាត់បង់ជីវិតជនស៊ីវិល និងការខូចខាតវត្ថុស៊ីវិល៕

ដោយ៖ ធី លីថូ

Comments

Loading comments…