Skip to main content
Preah Sihanouk Provincial Television
Log in

ឈប់លេងសើចនឹងតម្លៃជាតិ! ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រើនរំឭកឱ្យអ្នកលេងបណ្តាញសង្គម និងអ្នកសិល្បៈ ចូលរួមការពារតម្លៃស្ត្រី និងប្រពៃណីខ្មែរ

KPS99TVHistorical original · translation unavailable

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នេះ បានចេញផ្សាយសារក្រើនរំឭកមួយដ៏សំខាន់នៅលើទំព័រហ្វេសប៊ុកផ្លូវការ ដោយបានអំពាវនាវដល់សាធារណជនទូទៅ ជាពិសេសសិល្បករ សិល្បការិនី និងអ្នកប្រកបអាជីពក្នុងវិស័យសិល្បៈ និងវប្បធម៌ទាំងអស់ ឱ្យចូលរួមយ៉ាងសកម្មក្នុងការថែរក្សាវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ផូរផង់របស់ខ្មែរ ព្រមទាំងរួមគ្នាការពារតម្លៃរបស់ស្ត្រីនៅក្នុងសង្គម។

ទោះបីជាសកម្មភាពមួយភាគធំនៅលើបណ្តាញសង្គមបច្ចុប្បន្ន បានបង្ហាញពីភាពចាស់ទុំក្នុងគោលដៅផ្តល់ព័ត៌មាន ផ្សព្វផ្សាយ អប់រំ ចែករំលែកចំណេះដឹង និងចូលរួមការពារមរតកដូនតាខ្មែរទាំងរូបី និងអរូបីយ៉ាងណាក្តី ក៏ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅតែសង្កេតឃើញមានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សីលធម៌ សង្គម វប្បធម៌ និងតម្លៃដ៏ថ្លៃថ្នូររបស់ស្ត្រីខ្មែរ។

ក្នុងន័យពង្រឹង និងតម្រង់ទិសដៅនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសង្កត់ធ្ងន់ និងដាស់តឿនដល់អ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ពិសេសគឺតួអង្គសំខាន់ៗដូចជាសិល្បករ សិល្បការិនី និងអ្នកអាជីពក្នុងវិស័យសិល្បៈវប្បធម៌ ត្រូវបន្តមានស្មារតីទទួលខុសត្រូវខ្ពស់រាល់ពេលបង្ហោះ ឬប្រើប្រាស់បណ្តាញសង្គម ដោយជៀសវាងដាច់ខាតនូវរាល់ទង្វើទាំងឡាយណាដែលប៉ះពាល់ដល់តម្លៃវប្បធម៌ សង្គម និងស្ត្រីខ្មែរ ដើម្បីរួមចំណែកថែរក្សាតម្លៃដ៏ល្អរបស់ជាតិខ្មែរទាំងមូលឱ្យបានគង់វង្ស៕

ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…