ខេត្តព្រះសីហនុ៖ ដើម្បីពង្រឹងភាពធន់ និងសមត្ថភាពប្រកួតប្រជែងសេដ្ឋកិច្ច មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៨ខែសីហាឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាស្តីពី «ការរៀបចំបណ្ដុំសហគ្រាសធុនតូច និងមធ្យម ដើម្បីតភ្ជាប់ឧស្សាហកម្មប្រតិគមន៍» ដោយមានការចូលរួមពីក្រសួង តំណាងស្ថាប័នពាក់ព័ន្ធ និងសហគ្រិនប្រមាណ ៨០ រូប។
ក្នុងពិធីបើក លោក សាំង សុស អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្ត និងលោក សួស សេរីសួស្តី អភិបាលរងខេត្តព្រះសីហនុ បានគូសបញ្ជាក់ពីសក្តានុពលសេដ្ឋកិច្ចដ៏ធំធេងរបស់ខេត្ត និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយតំបន់នេះទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ អត្ថប្រយោជន៍ចម្បងនៃការបង្កើតបណ្តុំ SME (SME Clusters) គឺដើម្បីចែករំលែកធនធាន បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ និងកម្លាំងពលកម្មជំនាញ ដែលជួយកាត់បន្ថយថ្លៃដើមផលិតកម្ម និងដឹកជញ្ជូនយ៉ាងមានប្រសិទ្ធភាព។
មានប្រសាសន៍នៅក្នុងឱកាសនោះដែរ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា វិស័យ SMEs គឺជា «ឆ្អឹងខ្នង» នៃសេដ្ឋកិច្ចជាតិ និងជាប្រភពបង្កើតការងាររហូតដល់ជាង ៧០% នៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបានជំរុញឱ្យអាជីវកម្មក្នុងស្រុកពង្រីកខ្លួនតាមរយៈការចងក្រងជាបណ្តុំអាជីវកម្ម ដើម្បីទាញយកឱកាសផ្គត់ផ្គង់វត្ថុធាតុដើម គ្រឿងបង្គំ និងសេវាកម្មដល់រោងចក្រសហគ្រាសធំៗជាង ៣០០ នៅក្នុងខេត្តព្រះសីហនុ ជំនួសឱ្យការនាំចូលពីបរទេស។ ទោះជាយ៉ាងណា ឯកសារសិក្ខាសាលាក៏បានរំលេចពីបញ្ហាប្រឈមជាក់ស្តែងមួយចំនួនរបស់សហគ្រាសក្នុងស្រុក ដូចជាកង្វះខាតដើមទុន និងការទាញយកបច្ចេកវិទ្យាមកប្រើប្រាស់ ដែលទាមទារឱ្យមានការជួយជ្រោមជ្រែងបន្ថែម។
ដើម្បីដោះស្រាយបញ្ហាប្រឈម និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារជាក់ស្តែង សិក្ខាសាលាក៏បានរៀបចំការពិភាក្សាជាក្រុមដើម្បីប្រមូលធាតុចូល និងធ្វើបទបង្ហាញស្តីពីការអនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងឌីជីថល ដើម្បីបង្កើនគុណភាព និងផលិតភាពរបស់ SMEs។ តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ មន្ទីរ និងក្រសួងសាម៉ី បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តពង្រឹងកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន ដើម្បីលើកកម្ពស់ស្តង់ដារផលិតផលក្នុងស្រុក បង្កើនតម្លៃបន្ថែម បង្កើតការងារ និងកសាងភាពធន់នៃសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ៕
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ កែវ ដារ៉ា


















