រយៈពេលត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះ ពោលគឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ចនៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនក្រុមជនល្មើសជិត ១៣០នាក់ បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។យោងតាមរបាយការណ៍ផ្លូវការ បានបង្ហាញថា ក្នុងចំណោមនោះរួមមាន៖
ករណីក្មេងទំនើង៖ មាន ២៧ករណី ដោយបានឃាត់ខ្លួន និងបញ្ជូនមនុស្ស ១១៩នាក់ ទៅតុលាការ ដែលកើតមានឡើងនៅរាជធានីភ្នំពេញ និងខេត្តគោលដៅចំនួន ៧ផ្សេងទៀត។
ករណីល្បែងស៊ីសងខុសច្បាប់៖ មាន ១០ករណី ឃាត់ខ្លួនមនុស្ស ១៧នាក់ ក្នុងនោះបញ្ជូនទៅតុលាការ ១០នាក់ និងអប់រំធ្វើកិច្ចសន្យា ៧នាក់។
ក្រសួងមហាផ្ទៃ បានក្រើនរំលឹកថា ជនណាដែលប្រព្រឹត្តបទល្មើសទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌយ៉ាងធ្ងន់ធ្ងរតាមផ្លូវច្បាប់។
យោងតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង អ្នកលេងល្បែងប្រឈមការផ្ដន្ទាទោសពិន័យប្រាក់ ឬដាក់ពន្ធនាគារពី ១ថ្ងៃ ដល់ ១ខែ (ឬទាំងពីរ) ខណៈអ្នកបើក អ្នកចាត់ចែងវង់ល្បែងប្រឈមការដាក់ពន្ធនាគារពី១ឆ្នាំ ដល់៥ឆ្នាំ និងពិន័យប្រាក់ពី ៥លាន ដល់ ២០លានរៀល។ ។ ចំពោះក្មេងទំនើងភាគច្រើនប្រព្រឹត្ត ត្រូវទទួលទោសទណ្ឌយ៉ាងធ្ងន់ធ្ងរតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ទៅតាមប្រភេទបទល្មើស។ រួមមាន បទហិង្សាដោយចេតនា ដាក់ពន្ធនាគារពី ១ឆ្នាំ ដល់ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ដល់ ៦លានរៀល បទធ្វើឱ្យខូចខាតដោយចេតនា ដូចជា ការកាប់បំផ្លាញម៉ូតូ ឡាន ឬទ្រព្យសម្បត្តិសាធារណៈ/ឯកជន ដាក់ពន្ធនាគារពី ៦ខែ ដល់ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លាន ដល់ ៤លានរៀល។
ប្រសិនបើការដេញកាប់គ្នាបណ្តាលឱ្យមានមនុស្សស្លាប់ ឬមានចេតនាសម្លាប់ ដោយត្រូវចោទប្រកាន់ពីបទ «ឃាតកម្ម» ឬ «ប៉ុនប៉ងឃាតកម្ម» ប្រឈមមុខនឹងការដាក់ពន្ធនាគារពី១០ឆ្នាំ ដល់ ២០ឆ្នាំ និងប្រសិនបើយកតាមខ្លួននូវដាវ កាំបិត កែច្នៃ ឬអាវុធផ្សេងៗក្នុងបំណងបង្កហិង្សា អាចនឹងដាក់ពន្ធនាគារពី ៦ខែ ដល់ ២ឆ្នាំ និងពិន័យជាប្រាក់៕
ដោយ៖ប៉ៃ សុឃីម











