មន្ត្រីជំនាញគយ និងរដ្ឋាករ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានដុតកម្ទេចចោលសាច់បង្កកខូចគុណភាព និងខុសច្បាប់ប្រមាណ ១០តោន ក្រោមការដឹកនាំរបស់លោក នូ ស៊ីថា ប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើសនាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅទីលានចាក់សំរាម (សង្កាត់ដង្កោ ខណ្ឌដង្កោ)រាជធានីភ្នំពេញ ។
សាច់បង្កកខូចគុណភាពទាំងនេះ គឺជាប់ពាក់ព័ន្ធនឹងករណីលួចនាំចូលខុសច្បាប់ ដែលកម្លាំងចម្រុះ (គយ នគរបាល និងកងរាជអាវុធហត្ថ) បានស្ទាក់ចាប់ទប់ស្កាត់ និងបង្ក្រាបបានជាបន្តបន្ទាប់។
សរុបលទ្ធផលបង្ក្រាបក្នុងខែសីហា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (កបប) បានបញ្ជាក់ថា ទំនិញសរុបមានទម្ងន់ជាង ២០តោន (២០ ០៨១,២០ គីឡូក្រាម) ដែលរួមមាន៖
ប្រភេទសាច់ក្របី ភ្លៅមាន់ ស្លាបមាន់ ជើងជ្រូក ត្រចៀកជ្រូក ពោះជ្រូក និងស្បែកជ្រូក គ្រឿងសមុទ្រ និងផលិតផលផ្សេងៗ មានត្រីសាលម៉ុន ពងត្រីនីស៊ីន ប្រហិតក្តាម ប្រហិតមឹក និងកោះមាន់។
ទំនិញខូចគុណភាពទាំងអស់នេះ ត្រូវបានបែងចែកដុតកម្ទេចជា ២លើក លើកទី១ ទម្ងន់ជាង ១០តោន (១០ ៤២៥ គីឡូក្រាម) លើកទី២ (ថ្ងៃនេះ) ទម្ងន់ជិត ១០តោន (៩ ៦៥៦,២០គីឡូក្រាម)។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បន្តប្តេជ្ញាចិត្តខ្ពស់ក្នុងការទប់ស្កាត់ និងបង្ក្រាបរាល់ទំនិញគេចពន្ធ ទំនិញខូចគុណភាព គ្រឿងញៀន និងទំនិញខុសច្បាប់គ្រប់ប្រភេទ ដើម្បីការពារសុខុមាលភាព និងសុវត្ថិភាពសង្គមជាតិយើង៕
ដោយ៖ ប៉ៃ សុឃីម












