Skip to main content
Preah Sihanouk Provincial Television
Log in

ស.ស.យ.ក. រៀបចំការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ក្រោមប្រធានបទ«បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ»!

KPS99TVHistorical original · translation unavailable

(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធានក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ បានអញ្ជើញជាអធិបតីភាព ក្នុងការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមប្រធានបទ «បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ» នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន ស.ស.យ.ក. ឯកឧត្តម លោកជំទាវ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល ស.ស.យ.ក. សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ការរៀបចំយុទ្ធនាការដែលផ្តួចផ្តើមឡើងដោយក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ មិនត្រឹមតែជាការប្រកួតកីឡាដើម្បីបង្កើតបរិយាកាសរីករាយ និងរឹតចំណងមិត្តភាពក្រោមពាក្យស្លោក «កីឡា មិត្តភាព សប្បុរស» ប៉ុណ្ណោះទេ ប៉ុន្តែគឺជាបេសកកម្មមនុស្សធម៌យ៉ាងជ្រាលជ្រៅ ក្នុងការកៀរគរថវិកា និងស្បៀងអាហារចាំបាច់ ដើម្បីឆ្លើយតបចំពោះតម្រូវការជាក់ស្តែង និងជួយសម្រាលបន្ទុកជីវភាពជូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងរស់នៅក្នុង «ភូមិរង់ចាំ»។

បន្ថែមពីលើការផ្តល់ជំនួយសប្បុរសធម៌ ឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងក្រុមការងារនឹងចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋដោយផ្ទាល់ ដើម្បីនាំយកនូវសេចក្តីស្រឡាញ់ ក្តីសង្ឃឹម និងការលើកទឹកចិត្តចេញពីបេះដូងរបស់បងប្អូនមហាគ្រួសារខ្មែរ ជូនដល់បងប្អូននៅ «ភូមិរង់ចាំ» ឱ្យកាន់តែជិតស្និទ្ធ។

សូមបញ្ជាក់ថា សម្រាប់បងប្អូនមហាគ្រួសារខ្មែរដែលមានបំណងចូលរួមបរិច្ចាគជាមួយកម្មវិធី «បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ» អាចធ្វើការបរិច្ចាគជាថវិកាតាមរយៈ QR Code ហើយចំពោះការចូលរួមជាសម្ភារប្រើប្រាស់ សម្ភារកីឡា ឬអាហារក្រៀម អាចទំនាក់ទំនងនាំយកទៅប្រគល់ជូនក្រុមការងារដោយផ្ទាល់នៅអគារ The Kampusបាន៕ ដោយ៖ ធី លីថូ

Comments

Loading comments…