Skip to main content
Preah Sihanouk Provincial Television
Log in

អធិការដ្ឋាននគរបាលក្រុងបាត់ដំបង រងការចោទប្រកាន់ថា កន្លែងម៉ាស្សាជាច្រើនទីតាំងបង់លុយឱ្យមួយខែ៨ម៉ឺនរៀល ជាថ្នូរបិទបាំងរកស៊ីបង្កប់សេវាផ្លូវភេទ

KPS99TVHistorical original · translation unavailable

(បាត់ដំបង)៖ យោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ មានFacebook Page ឈ្មោះ «សុខ ផានិត» បានបង្ហោះផ្សព្វផ្សាយខ្លឹមសារថា ម៉ាស្សារួមភេទធូរថ្លៃ បម្រើផ្លូវភេទមានច្រើនទីតាំងនៅក្រុងបាត់ដំបង មិនក្រោមពី៤០ទីតាំងឡើយ ជាពិសេសនៅតាមបណ្តោយផ្លូវទួលតាឯក ក្នុងភូមិអូរតាគាំ១ ដោយស្រីៗបម្រើសេវាផ្លូវភេទ ក្រោមរូបភាពថា បង់លុយឱ្យនគរបាលក្រុងបាត់ដំបង ក្នុងមួយខែចំនួន៨០,០០០ រៀល។

ក្រោយពីទទួលបានព័ត៌មានអំពីការចុះផ្សព្វផ្សាយខ្លឹមសារខាងលើ ស្នងការនគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ កំលាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះទៅដល់ទីតាំងខាងលើ។ កម្លាំងនគរបាលបានកោះហៅម្ចាស់ទីតាំងខាងលើ មកធ្វើការសាកសួរ និងបំភ្លឺ និងបាននិយាយរៀបរាប់ថា បុរស០២នាក់ជិះម៉ូតូឃ្លីកក្រហម បានមកសុំលុយខ្លួនចំនួន ៤-៥ម៉ឺនរៀល ដោយបានអះអាងថា ពួកគេជាសារពត៌មាន ពេលនោះខ្លួនមិនមានលុយឱ្យនោះទេ បន្ទាប់មកក៏មានការឈ្លោះប្រកែកគ្នា រួចក៏ជិះទៅបាត់ទៅ ប្រហែល៥នាទីក្រោយមក ក៏មកម្តងទៀត និងបានសុំសាំង ៤-៥លីត្រ ខ្លួនមិនឱ្យ ពួកគេក៏ជិះចេញទៅបាត់ទៅ ប្រហែល៥០នាទីក្រោយមក ក៏មានការបង្ហោះបែបនេះតែម្តង ។ បន្ទាប់ពីការសាកសួរ និងបំភ្លឺរួច កម្លាំងនគរបាលបានធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំង ដោយមិនអនុញ្ញាតឱ្យមានការផ្តល់ទីតាំង ឬបើកសេវាកម្មបម្រើផ្លូវភេទឡើយ។

ចំពោះការចុះផ្សាយរបស់ឈ្មោះ«សុខ ផានិត» ដែលអះអាងថា ទីតាំងម៉ាស្សាបានបង់ប្រាក់ឱ្យនគរបាលក្រុងបាត់ដំបង ក្នុងមួយខែចំនួន ៨០,០០០ រៀលនោះ អធិការដ្ឋាននគរបាលក្រុងបាត់ដំបង សូមបដិសេធទាំងស្រុង ដោយអះអាងថា កម្លាំងនគរបាលក្រុងបាត់ដំបង ពុំដែលបានទទួល ឬពាក់ព័ន្ធនឹងការទទួលប្រាក់ចំនួនខាងលើពីទីតាំងម៉ាស្សានោះឡើយ។ ការលើកឡើងខាងលើ ពុំមានមូលដ្ឋានច្បាស់លាស់ និងជាការចោទប្រកាន់ដែលអាចធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងភាពជឿទុកចិត្តចំពោះសមត្ថកិច្ច៕ ដោយ៖ ធី លីថូ

Comments

Loading comments…