ព្យុះទាំង ៣ រួមមាន ព្យុះទី២២ «អេតាវ» (Etau), ព្យុះទី២៣ «បាងឡាង» (Bang-lang) និងព្យុះទី១៨ «សូដេល» (Saudel) កំពុងបង្កឥទ្ធិពលមកលើប្រទេសកម្ពុជា ទោះបីជាកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់របស់ព្យុះទាំងនេះក៏ដោយ។
ស្ថានភាពបែបនេះ ធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ មានការប្រែប្រួលតាមតំបន់មួយចំនួនរួមមាន៖
តំបន់វាលទំនាប៖ សីតុណ្ហភាពអប្បបរមា ២៥°C និងអតិបរមា ៣៦°C។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៣០%។
តំបន់ខ្ពង់រាប៖ សីតុណ្ហភាពអប្បបរមា ២៤°C និងអតិបរមា ៣៥°C អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៤០%។
តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពអប្បបរមា ២៥°C និងអតិបរមា ៣៤°C អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីរហូតដល់ ៦០% អមដោយរលកសមុទ្រមានកម្ពស់ពី ០,៥០ ម៉ែត្រ ទៅ ១,៧៥ ម៉ែត្រ។
សូមសាធារណជន ជាពិសេសបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់ៗ៕
ដោយ៖ ប៉ៃ សុឃីម







