ខេត្តព្រះសីហនុ៖ ការអភិវឌ្ឍ និងកែលម្អសោភ័ណភាពក្នុងខេត្តព្រះសីហនុ កំពុងបន្តបង្ហាញរូបរាងយ៉ាងលេចធ្លោ ដោយក្នុងនោះ តំបន់ទីធ្លាសាធារណៈតាមបណ្តោយឆ្នេរអូរឈើទាល (ស្ថិតក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុ) ត្រូវបានរៀបចំឡើងវិញយ៉ាងមានរបៀបរៀបរយ និងមានស្ដង់ដារខ្ពស់។
សមិទ្ធផល និងការកែលម្អសំខាន់ៗរួមមាន៖ ឆ្នេរកម្សាន្តស្អាតបែបធម្មជាតិ បរិស្ថានអនាម័យល្អ និងខ្សាច់សស្អាត ផ្តល់ភាពកក់ក្តៅ និងផាសុកភាពដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
បង្កើតតំបន់លេងកីឡា និងទីលានជិះស្គី (Skate Park) សម្រាប់យុវជន និងអ្នកស្រឡាញ់ការហាត់ប្រាណ។
ផ្លូវថ្មើរជើងមាត់ឆ្នេរ ស្ថាបនាផ្លូវដើរកម្សាន្តដ៏វែងស្របតាមបណ្តោយឆ្នេរសមុទ្រ ងាយស្រួលសម្រាប់ខ្យល់អាកាសបរិសុទ្ធ និងការដើរហាត់ប្រាណ។
តូបអាជីវកម្មមានស្តង់ដារ រៀបចំឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យខ្ពស់ ក្រោមទម្រង់ស្ដង់ដាររួមតែមួយ។
ចំណតរថយន្តធំទូលាយ អមដោយសួនដើមគគីរដ៏ស្រស់បំព្រង ផ្ដល់ជាម្លប់ត្រឈឹងត្រឈៃ។
ការកែលម្អទាំងនេះ មិនត្រឹមតែលើកកម្ពស់សោភ័ណភាពទីក្រុងឆ្នេរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយទាក់ទាញភ្ញៀវទេសចរ និងជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរីកចម្រើន៕
ដោយ៖ប៉ៃ សុឃីម












