(ភ្នំពេញ)៖ សំឡេងកាំភ្លើងអាចស្ងប់ស្ងាត់ ប៉ុន្តែផលវិបាកនៃសង្គ្រាមមិនបានបញ្ចប់តាមសំឡេងកាំភ្លើងនោះទេ។ សំណល់យុទ្ធភណ្ឌដែលបន្សល់នៅលើទឹកដីកម្ពុជា ក្រោយសង្គ្រាមឈ្លានពានរបស់យោធថៃមកលើទឹកដីកម្ពុជាអំឡុងឆ្នាំ២០២៥ នៅតែជាការគំរាមកំហែងដល់អាយុជីវិត សុវត្ថិភាព និងការវិលត្រឡប់ទៅរស់នៅតាមផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ។ នេះជាការលើកឡើងរបស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានលើបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ។
ឯកឧត្តម នេត្រ ភក្រ្តា បានគូសបញ្ជាក់ថា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ CMAC បានបង្ហាញស្ថានភាពនេះជូនមន្ត្រីសេនានុព័ន្ធយោធាបរទេស និងក្រុមអ្នកសង្កេតការណ៍អាស៊ាន ដោយបង្ហាញពីសំណល់យុទ្ធភណ្ឌជាច្រើនប្រភេទ រួមមាន៖សំណល់គ្រាប់បែកចង្កោម គ្រាប់បែកទម្លាក់ពីយន្តហោះ គ្រាប់យុទ្ធភណ្ឌពីដ្រូន និងសំណល់យុទ្ធភណ្ឌផ្សេងៗ។
ទំហំផលប៉ះពាល់គឺធ្ងន់ធ្ងរ ប្រមាណ៣៤០ភូមិ ផ្ទៃដី ៤៤១ ០០០ហិកតា និងប្រជាពលរដ្ឋប្រមាណ ៩១ ០០០គ្រួសារ ត្រូវបានរាយការណ៍ថា រងផលប៉ះពាល់។ តួលេខទាំងនេះមិនមែនគ្រាន់តែជាស្ថិតិនោះទេ។ នៅពីក្រោយតួលេខ គឺជាផ្ទះដែលប្រជាពលរដ្ឋមិនទាន់អាចវិលត្រឡប់ទៅរស់នៅដីស្រែចម្ការដែលមិនទាន់អាចប្រើប្រាស់ដោយសុវត្ថិភាព និងកុមារដែលអាចប្រឈមគ្រោះថ្នាក់ពីគ្រាប់មិនទាន់ផ្ទុះ។ គ្រាប់ដែលត្រូវបានបាញ់ក្នុងសង្គ្រាមឈ្លានពានឆ្នាំ២០២៥ មួយចំនួន អាចនៅតែបង្កគ្រោះថ្នាក់នៅឆ្នាំ២០២៦ និងច្រើនឆ្នាំទៅមុខទៀត ប្រសិនបើមិនត្រូវបានរកឃើញ និងបោសសម្អាត។ នេះហើយជាផលវិបាកដ៏ធ្ងន់ធ្ងរនៃសង្គ្រាមចំពោះជនស៊ីវិល។ ដូច្នេះការបោសសម្អាតរបស់ CMAC មិនមែនគ្រាន់តែជាការយកគ្រាប់ចេញពីដីទេនោះទេ ប៉ុន្តែវាជាការយកគ្រោះថ្នាក់ចេញពីជីវិតប្រជាពលរដ្ឋ បើកផ្លូវឱ្យគ្រួសារវិលត្រឡប់ទៅផ្ទះ និងស្តារដីដែលធ្លាប់ជាតំបន់សង្គ្រាមឱ្យក្លាយជាដីសម្រាប់រស់នៅ និងអភិវឌ្ឍឡើងវិញ។ សង្គ្រាមអាចបញ្ចប់នៅលើសមរភូមិ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋដែលរស់នៅជាមួយគ្រាប់មិនទាន់ផ្ទុះ សង្គ្រាមនោះមិនទាន់បញ្ចប់នៅឡើយទេ៕
ដោយ៖ ធី លីថូ















