ខេត្តព្រះសីហនុ ៖ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងការចង្អុលបង្ហាញជាប្រចាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា ស្នងការនគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងជំនាញនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដឹកនាំដោយលោកវរសេនីយ៍ទោ នី ចាន់ណារ៉ា បានចុះអនុវត្តវិធានការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយ៉ាងសកម្មក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានផ្តោតសំខាន់លើការរឹតបន្តឹងការផាកពិន័យចំពោះអ្នកល្មើស នឹងការផ្សព្វផ្សាយ និងអប់រំដាស់តឿនដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ ឱ្យបង្កើនការប្រុងប្រយ័ត្ន និងចូលរួមគោរពច្បាប់ បើកបរក្នុងល្បឿនកំណត់ និងមិនត្រូវវ៉ាជែងក្នុងស្ថានភាពប្រកបដោយគ្រោះថ្នាក់ គោរពផ្លាកសញ្ញា ភ្លើងសញ្ញាចរាចរណ៍ និងសិទ្ធិអាទិភាពលើដងផ្លូវ ប្រកាន់ខ្ជាប់នូវស្មារតីយោគយល់ អធ្យាស្រ័យ និងការអនុគ្រោះទៅវិញទៅមក ហាមដាច់ខាតការបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតឡើងជាយថាហេតុ៕ដោយ៖ ប៉ៃ សុឃីម















