Skip to main content
Preah Sihanouk Provincial Television
Log in

និស្សិតឆ្នើមកម្ពុជា១២រូប ត្រៀមចេញដំណើរទៅសិក្សានៅព្រីតថេន ក្រោមអាហារូបករណ៍អន្តរជាតិ

Historical original · translation unavailable

និស្សិតកម្ពុជាឆ្នើមចំនួន ១២រូប បានត្រៀមចេញដំណើរទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅចក្រភពព្រីតថេន បន្ទាប់ពីទទួលបានអាហារូបករណ៍ Chevening និង ASEAN-UK: Women in STEM។ ក្នុងឱកាសនេះ ឯកអគ្គរាជទូតចក្រភពព្រីតថេនប្រចាំនៅកម្ពុជា លោក Dominic Williams បានរៀបចំពិធីសំណេះសំណាល និងអបអរសាទរដល់និស្សិតទាំង ១២រូប នៅនិវេសនដ្ឋានលោកឯកអគ្គរាជទូតព្រីតថេន កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការនៃក្រសួងអប់រំ និងក្រុមហ៊ុន Prudential ដើម្បីរួមគ្នាអបអរសាទរ និងជូនពរដល់និស្សិត មុនពេលចេញដំណើរទៅសិក្សាបន្ត។

តាមការបង្ហោះរបស់ស្ថានទូតព្រីតថេន ប្រចាំនៅកម្ពុជា លើទំព័រ Facebook ផ្លូវការ បានបង្ហាញមោទនភាពចំពោះនិស្សិតកម្ពុជាទាំង ១២រូប ដែលនឹងចាប់ផ្តើមដំណើរសិក្សាថ្មីនៅព្រីតថេន។ អាហារូបករណ៍ដែលពួកគេទទួលបាន គ្របដណ្តប់លើមុខជំនាញសំខាន់ៗ រួមមាន សុខភាពសាធារណៈ ការអប់រំ សន្តិសុខសាយប័រ និងនិរន្តរភាព ដែលនឹងផ្តល់ឱកាសឱ្យពួកគេបង្កើនចំណេះដឹង និងទទួលបានបទពិសោធន៍ពីការសិក្សានៅចក្រភពព្រីតថេន។

ស្ថានទូតព្រីតថេន បានចាត់ទុកនិស្សិតកម្ពុជាទាំង ១២រូប ជាអ្នកដឹកនាំជំនាន់ថ្មី ដែលនឹងអាចយកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃពីការសិក្សាទៅរួមចំណែកក្នុងការកសាងអនាគតរបស់កម្ពុជា។ ជាមួយគ្នានេះ ស្ថានទូតព្រីតថេន បានជូនពរឱ្យនិស្សិតទាំងអស់ទទួលបានជោគជ័យគ្រប់ភារកិច្ច និងសម្រេចបានលទ្ធផលល្អក្នុងដំណើរទៅបន្តការសិក្សារបស់ពួកគេ។ ដោយ៖ សុភ័ក្រ្ដ

Comments

Loading comments…