យោងតាមបណ្ដាញទំនាក់ទំនងសង្គមជាផ្លូវការរបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឱ្យដឹងនៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ថា ភាគីថៃមានគម្រោងនាំសមាជិកក្រុមអ្នកសង្កេតការណ៍អាស៊ាន ព្រមទាំងអ្នកសារព័ត៌មានថៃ និងអន្តរជាតិ ទៅកាន់តំបន់ព្រំដែន រួមមានតំបន់អូរស្មាច់-ច្រកជាំ ដោយអះអាងថា ដើម្បីឱ្យភាគីពាក់ព័ន្ធអាចមើលឃើញស្ថានការណ៍ដោយផ្ទាល់ និង «ផ្ទៀងផ្ទាត់ការពិតដោយឯករាជ្យ»។ ទោះជាយ៉ាងណា កម្ពុជាលើកឡើងថា មុននឹងពិនិត្យអគារ ឯកសារ ឬសម្ភារៈដែលថៃអះអាងថាពាក់ព័ន្ធនឹង Online Scams គួរតែបញ្ជាក់ជាមុនថា ទីតាំងទាំងនោះស្ថិតនៅលើទឹកដីរបស់អ្នកណា និងកងកម្លាំងថៃបានចូលទៅគ្រប់គ្រងនៅពេលណា និងតាមរបៀបណា។
ចំពោះតំបន់អូរស្មាច់ កម្ពុជាបានបញ្ជាក់ជាផ្លូវការជាបន្តបន្ទាប់ថា ទីតាំងដែលកងកម្លាំងថៃចូលទៅគ្រប់គ្រង ស្ថិតក្នុងទឹកដីកម្ពុជា ហើយក៏បានតវ៉ាចំពោះការនាំមន្ត្រីយោធា អនុព័ន្ធយោធាបរទេស និងអ្នកសារព័ត៌មានចូលទៅកាន់តំបន់ទាំងនេះដោយគ្មានការយល់ព្រមពីអាជ្ញាធរកម្ពុជា។ កម្ពុជាលើកឡើងថា វត្តមានយោធា ការគ្រប់គ្រងទីតាំង ឬការដោតទង់ជាតិ មិនអាចជំនួសផែនទី សន្ធិសញ្ញា ឯកសារព្រំដែន និងមូលដ្ឋានផ្លូវច្បាប់ដែលកំណត់អធិបតេយ្យភាពបានឡើយ។ ដូច្នេះ ការផ្ទៀងផ្ទាត់ការពិតដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ គួរតែពិនិត្យពីទីតាំងភូមិសាស្ត្រ កូអរដោនេ ផែនទី សន្ធិសញ្ញា ឯកសារព្រំដែន ព្រមទាំងកាលប្បវត្តិនៃព្រឹត្តិការណ៍ មិនមែនផ្អែកតែលើអ្វីដែលត្រូវបានបង្ហាញនៅពេលចុះទស្សនកិច្ចនោះទេ។
ជាមួយគ្នានេះ កម្ពុជាបញ្ជាក់ថា ខ្លួនមិនការពារ Online Scams ឡើយ ប៉ុន្តែប្រឆាំងឧក្រិដ្ឋកម្មនេះ និងបានអនុវត្តវិធានការបង្ក្រាបជាបន្តបន្ទាប់ ដោយសហការជាមួយដៃគូអន្តរជាតិ និងប្រទេសពាក់ព័ន្ធ។ កម្ពុជាចាត់ទុកថា ការប្រយុទ្ធប្រឆាំង Online Scams និងបញ្ហាអធិបតេយ្យភាព គឺជាបញ្ហាដាច់ដោយឡែកពីគ្នា ហើយការសង្ស័យថាមានបទល្មើស មិនអាចក្លាយជាមូលហេតុឱ្យកងកម្លាំងរបស់រដ្ឋមួយទៀត ចូលកាន់កាប់ ឬអនុវត្តអំណាចលើទឹកដីរដ្ឋមួយទៀតដោយឯកតោភាគីឡើយ។ ដោយហេតុនេះ កម្ពុជាយល់ថា ការផ្ទៀងផ្ទាត់ការពិតមិនគួរត្រឹមតែពិនិត្យអ្វីដែលភាគីថៃបង្ហាញនោះទេ ប៉ុន្តែត្រូវសួរផងដែរថា អ្នកសារព័ត៌មានកំពុងឈរនៅទីណា អ្នកណាជាអ្នកគ្រប់គ្រងទីតាំង និងវត្តមានរបស់កងកម្លាំងនៅទីនោះមានមូលដ្ឋានផ្លូវច្បាប់អ្វី៕អត្ថបទដោយ៖ សុភ័ក្រ្ត៏











