ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២៦ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូចូលរួម «វេទិកាកិច្ចសហប្រតិបត្តិការចិន-កម្ពុជា ផលិតកម្មឆ្លាតវៃអាស៊ាន» នៅទីក្រុងក្វាងចូវ ខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៦។ ដំណើរទស្សនកិច្ចនេះ ឆ្លុះបញ្ចាំងពីការពង្រឹងមិត្តភាពដែកថែប និងភាពស៊ីសង្វាក់គ្នារវាងយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា និងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន តាមរយៈក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ទាំង ៦ វិស័យអាទិភាព។
សក្តានុពលភូមិសាស្ត្រ និងទេសចរណ៍របស់ខេត្តព្រះសីហនុគឺជា «តារារះនាទិសនិរតី»មានកោះតូច-ធំចំនួន ៣២, ព្រែក, ព្រៃកោងកាង, ឧទ្យានជាតិ និងឆ្នេរសមុទ្រប្រវែង ១៧៦ គីឡូម៉ែត្រ។
ជាសមាជិកក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក ដោយក្នុងឆ្នាំ២០២៦ នេះ ជាប់ចំណាត់ថ្នាក់លេខ ៩ លើពិភពលោក។ស្ថិតក្នុងចំណោមប៉ូលសេដ្ឋកិច្ចសំខាន់ទាំង ៣ របស់កម្ពុជា (ភ្នំពេញ, ព្រះសីហនុ, សៀមរាប) ក្នុងនាមជាទីក្រុងកំពង់ផែទឹកជ្រៅធំជាងគេ មជ្ឈមណ្ឌលឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍។
ផែនការមេប្រែក្លាយជា «តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» រៀបចំសិក្សាដោយវិទ្យាស្ថាន UPDIS (ទីក្រុងហ្សិនជិន) បែងចែកជា ៤ តំបន់ស្នូល៖តំបន់ឧស្សាហកម្ម និងភស្តុភារកម្ម តំបន់ទីក្រុងសមាហរណកម្ម តំបន់ទេសចរណ៍ធម្មជាតិ និងតំបន់កសិ-ឧស្សាហកម្ម ។
គិតត្រឹមខែសីហា ឆ្នាំ២០២៦ មានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការចំនួន ៧ កន្លែង។
គម្រោងជំរុញការវិនិយោគពិសេសអនុម័តបាន ៥០០ គម្រោង ទុនវិនិយោគសរុបជាង ៨,៤ ពាន់លានដុល្លារ និងបង្កើតការងារជាង ៦ ម៉ឺនកន្លែង។
កាត់បន្ថយរយៈពេលចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP កម្រិតទុនក្រោម ៥ លានដុល្លារ) ពី ២០ ថ្ងៃ មកត្រឹម ៨ ទៅ ១០ ថ្ងៃ។
ខេត្តធានាបរិយាកាសវិនិយោគប្រកបដោយសន្តិសុខ និងតម្លាភាព ក្រោមបាវចនា «ភាពជោគជ័យរបស់អ្នកវិនិយោគ គឺជាភាពរីករាយរបស់ខេត្តព្រះសីហនុ»។
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ ឡាយ ចាន់ដា






















