នាព្រឹកថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើក «វេទិកាកូលាំងយូ ២០២៦» (2026 Gulangyu Forum) ស្ដីពី «កិច្ចពិភាក្សាតុមូលរបស់ថ្នាក់ដឹកនាំធុរកិច្ចពិភពលោកសម្រាប់ការវិនិយោគសកល» ដែលប្រព្រឹត្តទៅនៅក្រុងសៀមិន ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងវេទិកានេះ ឯកឧត្តមបានផ្តោតការយកចិត្តទុកដាក់ទៅលើ «ការបង្ការ និងការគ្រប់គ្រងហានិភ័យមិនមែនពាណិជ្ជកម្ម» ដែលកំពុងក្លាយជាបញ្ហាប្រឈមសំខាន់សម្រាប់សហគ្រាសដែលពង្រីកអាជីវកម្មនៅលើទីផ្សារអន្តរជាតិ។ ឯកឧត្តមបានបញ្ជាក់ថា ការចូលទៅកាន់ទីផ្សារសកល មិនមែនមានតែហានិភ័យហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែរួមមានតានតឹងភូមិសាស្ត្រនយោបាយ ការប្រែប្រួលបទប្បញ្ញត្តិ ប្រព័ន្ធច្បាប់ខុសៗគ្នា ការរំខានខ្សែច្រវាក់ផ្គត់ផ្គង់ និងភាពខុសគ្នានៃការយល់ដឹងរវាងវិនិយោគិន រដ្ឋាភិបាល និងសហគមន៍មូលដ្ឋាន។
ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកយកសុភាសិតចិន «未雨绸缪» ដែលមានន័យថា «ត្រៀមលក្ខណៈមុនពេលភ្លៀងធ្លាក់» ដើម្បីជំរុញឱ្យវិនិយោគិនមានការរៀបចំផែនការទុកជាមុន តាមរយៈការស្វែងយល់ពីទីផ្សារ ជ្រើសរើសដៃគូដែលសមស្រប គោរពច្បាប់ និងវប្បធម៌ក្នុងស្រុក ព្រមទាំងបង្កើតទំនាក់ទំនងល្អជាមួយរដ្ឋាភិបាល និងសហគមន៍នៅប្រទេសម្ចាស់ផ្ទះ។ ដោយផ្អែកលើបទពិសោធន៍របស់កម្ពុជា ឯកឧត្តមបានបង្ហាញគោលការណ៍គ្រឹះ៣ សម្រាប់បង្កើតបរិយាកាសវិនិយោគប្រកបដោយចីរភាព រួមមាន «ការព្យាករណ៍បាន» (Predictability) «ភាពជាដៃគូ» (Partnership) និង «ការធ្វើពិពិធកម្ម និងការតភ្ជាប់» (Diversification and Connectivity)។ គោលការណ៍ទាំងនេះផ្តោតលើការមានច្បាប់ច្បាស់លាស់ គោលនយោបាយមានស្ថិរភាព ស្ថាប័នដែលអាចពឹងផ្អែកបាន ការកសាងទំនុកចិត្តជាមួយប្រទេសម្ចាស់ផ្ទះ ការបង្កើតការងារ ផ្ទេរបច្ចេកវិទ្យា អភិវឌ្ឍសមត្ថភាពក្នុងស្រុក ការថែរក្សាបរិស្ថាន និងការគោរពវប្បធម៌មូលដ្ឋាន ព្រមទាំងការធ្វើពិពិធកម្មទីផ្សារ អ្នកផ្គត់ផ្គង់ ទីតាំងផលិតកម្ម ប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម។
ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងថា រាជរដ្ឋាភិបាលមានតួនាទីសំខាន់ក្នុងការបង្កើតភាពច្បាស់លាស់ និងទំនុកចិត្តសម្រាប់វិនិយោគិន ដោយកម្ពុជាបានបង្កើតយន្តការសន្ទនាផ្ទាល់ជាប្រចាំ រួមមាន វេទិការដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) កិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជន (P-PSD) ដែលរៀបចំរៀងរាល់៦ខែម្តង និងគំនិតផ្តួចផ្តើមថ្មី «Open Day with DPM» ដើម្បីសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមជូនវិនិយោគិនបានទាន់ពេលវេលា។ ឯកឧត្តមបានគូសបញ្ជាក់ថា នៅក្នុងបរិបទពិភពលោកដែលមានភាពមិនប្រាកដប្រជាកាន់តែច្រើន ភាពធន់នៃអាជីវកម្មត្រូវការការត្រៀមខ្លួនជាមុន ការកសាងភាពជាដៃគូ និងការមានជម្រើសច្រើន ដើម្បីកាត់បន្ថយហានិភ័យ និងបង្កើតមូលដ្ឋានរឹងមាំសម្រាប់ការវិនិយោគរយៈពេលវែង។អត្ថបទដោយ៖ សុភ័ក្រ្ត










