ព្រឹត្តិការណ៍ប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ខេត្តព្រះសីហនុ ឆ្នាំ២០២៦ ក្រោមប្រធានបទដ៏មានអត្ថន័យ «លើកស្ទួយវិស័យទេសចរណ៍ឆ្នេរសមុទ្រកម្ពុជា» ត្រូវបានប្រកាសពន្យារពេលជាផ្លូវការ។ តាមគម្រោងដើម កម្មវិធីប្រកួតដ៏កក្រើកនេះ ត្រូវដំណើរការចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅលើទឹកដីទីលានតេជោ (ពយតាមូង) ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ប៉ុន្តែពេលនេះត្រូវបានសម្រេចរុញកាលវិភាគទៅរៀបចំនៅក្នុងខែតុលា ឆ្នាំ២០២៦ ខាងមុខវិញ។
សេចក្តីសម្រេចកែប្រែកាលបរិច្ឆេទនេះ បានធ្វើឡើងក្រោយកិច្ចពិភាក្សារួមគ្នារវាងសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា និងរដ្ឋបាលខេត្តព្រះសីហនុ។ មូលហេតុចម្បងគឺដោយសារតែទីតាំងទីលានតេជោ (ពយតាមូង) កំពុងស្ថិតក្នុងដំណាក់កាលជួសជុល និងស្ថាបនាកែលម្អឱ្យកាន់តែប្រសើរ ដើម្បីត្រៀមលក្ខណៈសម្បត្តិឱ្យបានល្អឥតខ្ចោះ សម្រាប់ព្រឹត្តិការណ៍បុណ្យសមុទ្រដែលនឹងចូលមកដល់នៅចុងឆ្នាំ២០២៦ នេះ។
ទាក់ទងនឹងការប្រែប្រួលនេះ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានស្នើសុំការយោគយល់អធ្យាស្រ័យពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានសមាគម ក្លឹបកីឡាទាញព្រ័ត្រតាមបណ្តាក្រសួង រាជធានី ខេត្ត ព្រមទាំងក្រុមកីឡាករ កីឡាការិនី និងសាធារណជនទាំងអស់។ ចំពោះកាលបរិច្ឆេទនៃការប្រកួតជាក់លាក់ សហព័ន្ធនឹងប្រកាសជូនដំណឹងជាថ្មីម្តងទៀត នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនក្នុងពេលឆាប់ៗនេះ៕
ដោយ៖ស្រីពី








