កិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) រវាងកម្ពុជា និងថៃ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមភ្នាក់ងារតំណាងព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជាជ្រើសរើសការដោះស្រាយដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ ដោយមើលឃើញថា សន្តិភាព និងស្ថិរភាពគឺជាមូលដ្ឋានសម្រាប់ការពារជីវិត ជីវភាព និងអនាគតរបស់ប្រជាជននៃប្រទេសទាំងពីរ។
សេចក្តីថ្លែងការណ៍របស់ឯកឧត្តមរដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងដោយមានអំណះអំណាង ភស្តុតាងចាប់ពីប្រវត្តិសាស្ត្រ អ្វីដែលកម្ពុជាឆ្លងកាត់ ពិសេសមូលហេតុច្បាស់លាស់ដែលឈានឱ្យកម្ពុជាសម្រេចជ្រើសរើសយក យន្តការផ្សះផ្សារដោយបង្ខំរបស់គណកម្មការអង្គការសហប្រជាជាតិ ព្រោះជាជម្រើសចុងក្រោយតែមួយគត់ ដើម្បីដោះស្រាយបញ្ហាជម្លោះព្រំដែនសមុទ្ររវាងកម្ពុជា-ថៃ។
សេចក្តីថ្លែងការណ៍នេះ គឺបានបញ្ជាក់ផងដែរពីគោលបំណង និងការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ និងឥតងាករេរបស់ភាគីកម្ពុជា ក្នុងការបំពេញកាតព្វកិច្ច និងសិទ្ធិក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដី ដើម្បីស្វែងរកផលប្រយោជន៍ជូនជាតិ និងប្រជាជនទាំងកម្ពុជា និងថៃផងដែរ ដែលអាចនឹងប្រើប្រាស់បានយូរអង្វែងតកូនចៅគ្រប់ជំនាន់ ហើយនេះជាការសម្រេចចិត្តដ៏ជាក់លាក់តាំងពីដើមមក គឺប្រើប្រាស់យន្តការ និងច្បាប់អន្តរជាតិជាគោល។
ក្រោយពីភាគីថៃបានប្រកាសលុបចោលអនុស្សារណនៃការយោគយល់គ្នាជាឯកតោភាគី តើកម្ពុជាមានជម្រើសអ្វីសម្រាប់ធ្វើការដោះស្រាយ ឬចរចារជាមួយភាគីថៃទៀត ក្រៅតែពីជម្រើសក្នុងការនាំរឿងនេះទៅកាន់អន្តរជាតិតាមរយ:ច្បាប់ ដែលបានបង្កើតយន្តការ UNCLOS នេះ ក្នុងការដោះស្រាយជម្លោះ ហើយឈានទៅរកការឯកភាពគ្នារវាងប្រទេសទាំង២ និងដឹងលឺជាសាកល ហើយនឹងលែងមានបញ្ហាទៅពេលក្រោយទៀត។
កម្ពុជាបានលើកឡើងថា ការពិភាក្សាអំពីព្រំដែនសមុទ្រជាមួយថៃបានចាប់ផ្តើមតាំងពីខែមេសា ឆ្នាំ១៩៩៥ ហើយនៅឆ្នាំ២០០១ រដ្ឋទាំងពីរបានឯកភាពលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគ្នានៃខ្ពង់រាបបាតសមុទ្រ។ ទោះមានការចរចាជាបន្តបន្ទាប់ ក៏មិនទាន់មានកិច្ចព្រមព្រៀងកំណត់ព្រំដែនសមុទ្រ ឬសន្ធិសញ្ញាអភិវឌ្ឍន៍រួមឡើយ។ ក្រោយប្រទេសថៃប្រកាសលុបចោលជាឯកតោភាគីនូវ MOU ឆ្នាំ២០០១ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ កម្ពុជាបានសម្រេចផ្តួចផ្តើមនីតិវិធីផ្សះផ្សាដោយបង្ខំក្រោម UNCLOS ដើម្បីស្វែងរកផ្លូវដោះស្រាយដោយសន្តិវិធី និងជៀសវាងការប្រឈមមុខដាក់គ្នា។
កម្ពុជាមានបំណងឈានទៅរកសន្ធិសញ្ញាជាមួយប្រទេសថៃ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ហើយជាជម្រើស ក៏ត្រៀមចុះកិច្ចព្រមព្រៀងអភិវឌ្ឍន៍រួម និងបែងចែកធនធានដោយសមធម៌ ក្នុងអំឡុងពេលរង់ចាំកិច្ចព្រមព្រៀងជាស្ថាពរ។ កម្ពុជាសង្ឃឹមថា ថៃនឹងចូលរួមក្នុងដំណើរការផ្សះផ្សាដោយស្មារតីស្ថាបនា និងអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ជាពិសេសសេចក្ដីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ តាមទស្សនៈកម្ពុជា ដំណោះស្រាយដោយសន្តិវិធីនឹងមិនត្រឹមតែបើកផ្លូវឱ្យប្រទេសទាំងពីរទទួលបានផលប្រយោជន៍ពីធនធានសមុទ្រ និងការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កើតឱកាសការងារ ពង្រឹងទំនុកចិត្ត និងផ្តល់អនាគតប្រកបដោយសន្តិភាពសម្រាប់ប្រជាជនជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយ។









