Skip to main content
Preah Sihanouk Provincial Television
Log in

កម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះសន្និសីទអន្តរជាតិប្រយុទ្ធប្រឆាំង Online Scams ដើម្បីស្តារកិត្តិយស និងបង្ហាញឆន្ទៈពិតលើឆាកពិភពលោក!

Historical original · translation unavailable

កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះនៃ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាស្កែមអនឡាញ»។ ក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានគូសបញ្ជាក់យ៉ាងច្បាស់ថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដែលមានការចូលរួមពីតំណាងជាង ២០ ប្រទេស និងអង្គការអន្តរជាតិធំៗចំនួន ៣ នេះ ឆ្លុះបញ្ចាំងពីភាពស្មោះត្រង់ គ្មានអ្វីត្រូវលាក់បាំង និងឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរួមដៃជាមួយសហគមន៍អន្តរជាតិ ដោះស្រាយវិបត្តិឧក្រិដ្ឋកម្មឆ្លងដែនដ៏ស្មុគស្មាញមួយនេះ។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា កម្ពុជាជាប្រទេសរងគ្រោះដោយសារតែក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា ហើយក៏គ្មានផលប្រយោជន៍ណាមួយពីបទល្មើសទាំងនេះដែរ ដូច្នេះវេទិកានេះជាឱកាសមាសដើម្បីស្តារមុខមាត់ ទាមទារកិត្តិយសជាតិត្រឡប់មកវិញ និងបង្ហាញឱ្យពិភពលោកឃើញពីវិធានការក្តៅដែលកម្ពុជាបានអនុវត្តកន្លងមក។ លើសពីនេះ កម្ពុជាចង់ប្រែក្លាយបទពិសោធន៍ផ្ទាល់របស់ខ្លួនជាគំរូចែករំលែកទៅកាន់បណ្តាប្រទេសដទៃ ក្នុងនាមជាប្រទេសដែលហ៊ានប្រឈមមុខ បើកចំហ និងចាត់វិធានការបង្ក្រាបយ៉ាងម៉ឺងម៉ាត់បំផុតលើការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងរយៈពេលដ៏ខ្លី។

តឹកតាងនៃភាពជោគជ័យជាក់ស្តែង ត្រូវបានបង្ហាញតាមរយៈទិន្នន័យប្រតិបត្តិការចន្លោះពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែសីហា ឆ្នាំ២០២៦ ដោយអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានបើកការស្រាវជ្រាវទីតាំងសង្ស័យជាង ៨៣០ កន្លែង និងចុះបង្ក្រាបជាក់ស្តែងបានរហូតដល់ ៦៦៣ ទីតាំង។ ក្នុងនោះ ប្រតិបត្តិការដ៏ធំធេងនេះបានឈានទៅគ្រប់គ្រង និងកម្ទេចសំបុកស្កែមអនឡាញខ្នាតធំចំនួន ៨៦ កន្លែង ព្រមទាំងបណ្តេញជនសង្ស័យជាជនបរទេសចេញពីប្រទេសបានជាង ២ ម៉ឺននាក់ ដែលនេះជាការបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តខ្ពស់បំផុតក្នុងការលុបបំបាត់បទល្មើសបច្ចេកវិទ្យាឱ្យអស់ពីទឹកដីកម្ពុជា។ដោយ៖ស្រីពី

Comments

Loading comments…