ចៅហ្វាយខេត្តកំពង់ចាមព្រមានចាត់វិធានការច្បាប់លើក្រុមហ៊ុនប្រកបអាជីវកម្មអាចម៍ដីដែលមិនគោរពច្បាប់
រដ្ឋបាលខេត្តកំពង់ចាមណែនាំឱ្យពិនិត្យទីតាំងជីកនិងចាក់ដី ឯកសារកាន់កាប់ និងការប៉ះពាល់ដីសាធារណៈ ហើយព្រមានចាត់វិធានការចំពោះការបំពាន។
ខ្លឹមសារប្រភព
អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា ព្រមានចាត់វិធានការក្រុមហ៊ុនប្រកបអាជីវកម្មអាចម៍ដីតាមផ្លូវច្បាប់ជាធរមាន ក្រោយសង្កេតឃើញក្រុមហ៊ុនទាំងនោះមួយចំនួនធ្វើសកម្មភាពមិនគោរពតាមច្បាប់ត្រឹមត្រូវ។
បើតាមសេចក្តីណែនាំដែលទទួលបាននៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ដោយមើលឃើញពីការអភិវឌ្ឍរបស់ខេត្តមានសន្ទុះលឿនគួរឱ្យកត់សម្គាល់ ហើយការជីកយកអាចម៍ដីដើម្បីចាក់បំពេញលើទីតាំងនៃការអភិវឌ្ឍនោះ ដូចជា រោងចក្រ សហគ្រាស លំនៅដ្ឋានជាដើម គឺមានការកើនឡើង។ ចំណែកក្រុមហ៊ុនប្រកបអាជីវកម្មអាចម៍ដីក៏មានកាន់តែកើនឡើង ខណៈមានក្រុមហ៊ុនមួយចំនួនធំបានគោរពច្បាប់ និងក្រុមហ៊ុនមួយចំនួនតូចមិនបានគោរពច្បាប់ត្រឹមត្រូវ។
ដូច្នេះ ដើម្បីធានាបាននូវនិរន្តរភាព នៃការគ្រប់គ្រងដីសាធារណៈរបស់រដ្ឋ រដ្ឋបាលខេត្តកំពង់ចាម បានចាត់ឱ្យរដ្ឋបាលក្រុង-ស្រុក ពិនិត្យទីតាំងដីនៃការស្នើសុំធ្វើអាជីវកម្មជីកយកអាចម៍ដី ដោយធានាថា មិនប៉ះពាល់ដីសាធារណៈរបស់រដ្ឋ និងត្រូវហាមឃាត់ការជីកកាយ ផ្លាស់ប្តូរស្ថានភាពដី និងជីកយកអាចម៍ដីចំពោះប្រភេទដីអាស្រ័យផលគ្រប់ប្រភេទ។
ចំណែកការស្នើសុំចាក់បំពេញអាចម៍ដី អាជ្ញាធរមានសមត្ថកិច្ចត្រូវពិនិត្យរាល់សំណុំឯកសារកាន់កាប់ដី (វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ) ដើម្បីឱ្យប្រាកដថា ទីតាំងដីជាកម្មវត្ថុនៃការស្នើសុំគឺតែមួយ។ ករណីការធ្វើអាជីវកម្មនៅទីតាំងដីសាធារណៈរបស់រដ្ឋ ត្រូវពិនិត្យ សម្រេចពីអង្គភាពជំនាញពាក់ព័ន្ធ និងស្នើសុំគោលការណ៍ឯកភាពពីឯកឧត្តមអភិបាលខេត្តជាមុន។ ក្នុងករណីពិនិត្យឃើញថា មានការបំពានចំណុចខាងលើ រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕
ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "15463",
"languageVersionId": "11939",
"visibilityVersion": "2",
"versionToken": "a1.203PW9cLS5tWq5CWHjBxTr4YKRmgLzUe1Rd1jiu-7OE"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
