រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ផ្លែចេកអំបូងលឿងមានសក្ដានុពលទីផ្សារអន្តរជាតិ ខណៈរដ្ឋបាលខេត្តស្ទឹងត្រែង ចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុនជប៉ុន ដើម្បីជំរុញការនាំចេញ

រដ្ឋបាលខេត្តស្ទឹងត្រែង និងក្រុមហ៊ុនជប៉ុនបានចុះ MOU នៅថ្ងៃទី១៥ ខែមករា ដើម្បីជំរុញការវិនិយោគ និងនាំចេញផលិតផលកសិកម្ម ជាពិសេសចេកអំបូងលឿង ទៅជប៉ុន និងទីផ្សារអន្តរជាតិ តាមរយៈការគាំទ្របច្ចេកទេស និងខ្សែសង្វាក់ផលិតកម្ម។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

រដ្ឋបាលខេត្តស្ទឹងត្រែង បានចុះអនុស្សរណៈយោគយល់ (Memorandum of Understanding – MOU) ជាមួយក្រុមហ៊ុនមកពីប្រទេសជប៉ុន នាថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៦ ក្រោមអធិបតីភាពឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីមន្ទីរជំនាញ អង្គភាព និងស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងជំរុញការវិនិយោគ និងការនាំចេញផលិតផលកសិកម្ម ជាពិសេសផ្លែចេកអំបូងលឿង ទៅកាន់ទីផ្សារប្រទេសជប៉ុន និងទីផ្សារអន្តរជាតិ។ ការចុះអនុស្សរណៈយោគយល់លើវិស័យកសិកម្មនៅពេលនេះ គឺជាផ្នែកមួយក្នុងការជួយបង្កើនតម្លៃបន្ថែមដល់ផលិតផលកសិកម្មក្នុងខេត្តស្ទឹងត្រែង លើកកម្ពស់ជីវភាពរស់នៅរបស់កសិករ បង្កើតការងារថ្មីៗ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការអភិវឌ្ឍខ្សែសង្វាក់ផលិតកម្មកសិកម្មប្រកបដោយចីរភាព។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានលើកឡើងថា ខេត្តស្ទឹងត្រែង មានសក្ដានុពលខ្ពស់ក្នុងការដាំដុះផ្លែចេកអំបូងលឿង ព្រមទាំងដំណាំផ្សេងទៀត ដូចជា ធុរេន ស្វាយចន្ទី ស្វាយកែវល្មៀត ជាដើម ដែលមានគុណភាពល្អ និងសមស្របសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា ការសហការជាមួយក្រុមហ៊ុនជប៉ុនលើកនេះ នឹងជួយផ្តល់បច្ចេកទេសថ្មីៗ ស្តង់ដារផលិតកម្ម ការកែច្នៃ ការវេចខ្ចប់ និងទីផ្សារ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារអន្តរជាតិឲ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ជាងមុន។ ការចុះអនុស្សរណៈយោគយល់នាពេលនេះ ភាគីក្រុមហ៊ុនជប៉ុន បានចាត់ទុកថា ជាជំហានសំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច រវាងខេត្តស្ទឹងត្រែង និងដៃគូវិនិយោគបរទេស ព្រមទាំងរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការនាំចេញផលិតផលកសិកម្ម និងការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព។ ជាមួយគ្នានេះ ក្រុមហ៊ុនជប៉ុន ក៏បានបង្ហាញពីការចាប់អារម្មណ៍ និងការប្តេជ្ញាចិត្តក្នុងការវិនិយោគរយៈពេលវែង ដោយគាំទ្រកសិករមូលដ្ឋាន តាមរយៈការផ្ទេរបច្ចេកវិទ្យា ការទិញផលិតផលក្នុងតម្លៃសមរម្យ និងការធានាទីផ្សារនាំចេញ។ ដោយឡែក លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង បានឲ្យដឹងថា ខេត្តស្ទឹងត្រែង មានគម្រោងសម្បទានដីសេដ្ឋកិច្ចចំនួន ១៣ គម្រោង ស្មើនឹងផ្ទៃដី ៩១,៦៧១ ហិកតា ដែលក្នុងនោះ រួមមាន ៤ គម្រោងជារបស់វិនិយោគិនកម្ពុជា ៦ គម្រោងជារបស់វិនិយោគិនចិន ២ គម្រោងជារបស់វិនិយោគិនវៀតណាម និង ១ គម្រោងជារបស់វិនិយោគិនថៃ។ លោកប្រធានមន្ទីរ បានបញ្ជាក់ថា គម្រោងទាំងនេះ បាននិងកំពុងវិនិយោគលើដំណាំកសិ-ឧស្សាហកម្ម ដូចជា ចេកអំបូងលឿង កៅស៊ូ ស្វាយចន្ទី ស្វាយកែវល្មៀត ដើមអាកាស្យា ដើមម៉ៃសាក់ ធុរេន មៀន ម្ទេស និងដំណាំល្មើផ្សេងៗ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15451",
  "languageVersionId": "11903",
  "visibilityVersion": "2",
  "versionToken": "a1.KhcvuwiZTkLys0bCql5F-vfid2m9QEYhT_oRwE3C1xk"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។