បារាំងបញ្ជាក់ជាថ្មីពីការប្តេជ្ញាជួយផ្តល់ឯកសារដែលខ្លួនមានពាក់ព័ន្ធរឿងព្រំដែនកម្ពុជានិងថៃ
លោក Jean-Noël Barrot បានបញ្ជាក់ក្នុងជំនួបថ្ងៃទី២៥ កុម្ភៈជាមួយលោក ប្រាក់ សុខុន ថាបារាំងត្រៀមជួយភាគីកម្ពុជា–ថៃចូលប្រើបណ្ណសារពាក់ព័ន្ធព្រំដែន និងគាំទ្រដំណោះស្រាយសន្តិវិធី។
ខ្លឹមសារប្រភព
រដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំង ឯកឧត្តម Jean-Noël Barrot បានបញ្ជាក់ជាថ្មីម្ដងទៀតថា ប្រទេសបារាំងនឹងជួយសម្រួលដល់កម្ពុជានិងថៃ ក្នុងការចូលទៅកាន់បណ្ណសារឯកសារទាំងឡាយដែលខ្លួនមានទាក់ទងនឹងការកំណត់ព្រំដែន។ ការប្ដេជ្ញាចិត្តម្តងទៀតបែបនេះ ធ្វើឡើងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ក្នុងជំនួបរវាងឯកឧត្តម Barrot និងរដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន ក្នុងអំឡុងពេលឯកឧត្តមធ្វើទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុប និងអង្គការសហប្រជាជាតិ។
ឯកឧត្តម Barrot បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់បារាំងចំពោះស្ថិរភាពក្នុងតំបន់ និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលនៅមានសុពលភាពរហូតមកដល់សព្វថ្ងៃ។ ឯកឧត្តម ថ្លែងថា កិច្ចសន្ទនានយោបាយរវាងប្រទេសកម្ពុជានិងថៃ គួរបន្តទៅមុខទៀត ព្រោះវាចាំបាច់ដើម្បីឈានទៅដល់ដំណោះស្រាយដោយសន្តិវិធី និងយូរអង្វែងចំពោះវិវាទព្រំដែន ដោយអនុលោមតាមច្បាប់អន្តរជាតិ និងការប្ដេជ្ញាចិត្តទ្វេភាគីរបស់ប្រទេសទាំងពីរ។
រដ្ឋមន្រ្តីអឺរ៉ុបនិងការបរទេសបារាំង បានថ្លែងទៀតថា៖ «បារាំងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងរឿងនេះ ហើយកំពុងទាក់ទងជាមួយដៃគូទាំងពីរដោយភាពមិនលម្អៀងទាំងស្រុង។ វាបញ្ជាក់ជាថ្មីពីឆន្ទៈរបស់យើងក្នុងការជួយសម្រួលដល់ភាគីទាំងពីរក្នុងការចូលទៅកាន់បណ្ណសារឯកសារទាំងឡាយដែលយើងមានទាក់ទងនឹងការកំណត់ព្រំដែន»។
កន្លងទៅថ្មីៗនេះ ប្រទេសបារាំង បានបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការផ្ដល់ឯកសារបណ្ណសារដល់កម្ពុជាឬថៃ ក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនផងដែរ៕
ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "14817",
"languageVersionId": "10280",
"visibilityVersion": "2",
"versionToken": "a1.cB6m98Iz65sal2tGv7wmZqGAIjeVyJYbp3UstaDSjkQ"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
