ពិព័រណ៍ និងវេទិកាវិស័យកសិកម្មកម្ពុជាឆ្នាំ២០២៦ (CAFE26) ត្រូវបានបើកជាផ្លូវការយ៉ាងអធិកអធម នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ព្រឹត្តិការណ៍ថ្នាក់ជាតិនេះ រៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន តំណាងអង្គទូត វិស័យឯកជន និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិយ៉ាងកុះករ។


កម្មវិធីនេះមានស្តង់តាំងបង្ហាញផលិតផលប្រមាណ ៤០០ ដោយផ្តោតសំខាន់លើកសិផលយុទ្ធសាស្ត្រចំនួន ៩មុខ រួមមាន អង្ករ ស្វាយចន្ទី ម្រេច បន្លែ ត្រី ដំឡូងមី កៅស៊ូ ឈើ និងស្វាយ។ ក្រៅពីនេះ ក៏មានការដាក់តាំងបង្ហាញគ្រឿងយន្តកសិកម្ម បច្ចេកវិទ្យាដ្រូន ឌីជីថល ធាតុចូល និងបច្ចេកវិទ្យាកែច្នៃវេចខ្ចប់ទំនើបៗ ដើម្បីជំរុញផលិតភាព និងបន្ថែមតម្លៃដល់ផលិតផលកសិកម្មខ្មែរ។


តាមរយៈព្រឹត្តិការណ៍រយៈពេល៣ថ្ងៃនេះ កម្ពុជារំពឹងថានឹងទាក់ទាញអ្នកទស្សនាប្រមាណ ២៥,០០០នាក់ រួមទាំងកសិករជាង ២,០០០នាក់ ដើម្បីស្វែងយល់ពីបច្ចេកទេសថ្មីៗ ពង្រីកទីផ្សារពាណិជ្ជកម្ម និងស្វែងរកដៃគូអាជីវកម្មទាំងក្នុង និងក្រៅប្រទេស សំដៅរួមចំណែកអភិវឌ្ឍវិស័យកសិកម្មជាតិឱ្យកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត៕ដោយ៖ ប៉ៃ សុឃីម













