កុមារីអាយុ០៦ឆ្នាំម្នាក់នៅភូមិព្រៃមោក ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ បានរកឃើញវិជ្ជមានផ្តាសាយបក្សីប្រភេទ H5N1 ។ បើតាមក្រសួងសុខាភិបាល អ្នកជំងឺត្រូវបានបញ្ជាក់ថាវិជ្ជមានជំងឺផ្តាសាយបក្សី ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ កាលពីថ្ងៃទី០៥ ខែសីហា។ បច្ចុប្បន្ន អ្នកជំងឺកំពុងស្ថិតក្រោមការខិតខំព្យាយាមជួយសង្គ្រោះដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។
បើតាមការជូនដំណឹងពីក្រសួងសុខាភិបាល តាមការសាកសួរបង្ហាញថា មួយខែកន្លងមកនេះ នៅក្នុងភូមិកើតហេតុ មានមាន់ឈឺ និងងាប់ជិតមួយពាន់ក្បាល ខណៈនៅផ្ទះកុមារក្នុងអំឡុងពេល២០ថ្ងៃនេះ មានមាន់ឈឺនិងងាប់ចំនួន ៣០ក្បាលជាបន្តបន្ទាប់ ហើយម្តាយកុមារបានយកមាន់ងាប់មកធ្វើម្ហូប មុនថ្ងៃដែលកុមារចាប់ផ្តើមឈឺ។
ក្រសួងបញ្ជាក់ថា ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការជាមួយក្រុមការងារនៃមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងការអង្កេតស្រាវជ្រាវយ៉ាងសកម្មស្វែងរកប្រភពចម្លងទាំងសត្វ និងមនុស្ស និងស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាម៊ីហ្លូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុ។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានក្រើនរំលឹកជាថ្មីម្តងទៀតដល់ប្រជាពលរដ្ឋទាំងអស់សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋ ហើយប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុង១៤ ថ្ងៃមុនចាប់ផ្តើមមានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យាពេលធ្វើឱ្យប្រឈមនិងហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត








