ពលរដ្ឋឥណ្ឌារាប់ពាន់នាក់ បានហែក្បួនឆ្លងកាត់ដងផ្លូវនានាក្នុងរដ្ឋធានីញូវដេលី ដើម្បីទាមទារឱ្យប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតឥណ្ឌាចុះចេញពីតំណែង ជុំវិញការកែប្រែប្រព័ន្ធបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលគណបក្សប្រឆាំងបានចោទប្រកាន់ថា ត្រូវបានធ្វើឡើងដោយលម្អៀង និងផ្តល់ផលប្រយោជន៍ដល់គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី។
លោក Rahul Gandhi មេដឹកនាំគណបក្សសភាជាតិឥណ្ឌា បានដឹកនាំការធ្វើបាតុកម្មកាលពីថ្ងៃអាទិត្យម្សិលមិញ ដែលជាចលនាតវ៉ាចុងក្រោយបង្អស់ក្នុងរយៈពេលជាងមួយខែមកនេះ ក្នុងការចោទប្រកាន់ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត គឺលោក Gyanesh Kumar ថាបានគ្រប់គ្រង និងរៀបចំការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតដោយអយុត្តិធម៌។

មេដឹកនាំគណបក្សប្រឆាំងបានលើកឡើងថា ការលុបឈ្មោះប្រជាពលរដ្ឋជាង ១៣០ លាននាក់ ចេញពីបញ្ជីបោះឆ្នោត បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងអសមមាត្រលើសហគមន៍អ្នកកាន់សាសនាឥស្លាម និងក្រុមជនជាតិ និងសាសនាភាគតិចផ្សេងៗទៀត ដែលក្រុមទាំងនេះ មិនសូវគាំទ្រគណបក្សរបស់លោក ម៉ូឌី ឡើយ។
គួរបញ្ជាក់ផងដែរថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រជាសកលបន្ទាប់របស់ប្រទេសឥណ្ឌា ត្រូវបានគ្រោងទុកថានឹងប្រព្រឹត្តទៅនៅឆ្នាំ ២០២៩ ខណៈដែលបញ្ហាបញ្ជីឈ្មោះបោះឆ្នោតនៅឥណ្ឌា តែងតែជាប្រធានបទក្តៅគគុកក្នុងនយោបាយជាតិ។ បក្សប្រឆាំងតែងចោទប្រកាន់ថា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ឬការធ្វើបច្ចុប្បន្នភាពទិន្នន័យស្វ័យប្រវត្តិ លុបឈ្មោះស្ទួន ឬឈ្មោះអ្នកស្លាប់ តែងតែមានចន្លោះប្រហោង ដែលបណ្តាលឱ្យពលរដ្ឋក្រីក្រ និងក្រុមជនជាតិភាគតិចដែលខ្វះខាតឯកសារផ្លូវការ ត្រូវបាត់បង់សិទ្ធិបោះឆ្នោតដោយអយុត្តិធម៌៕អត្ថបទ៖ រិទ្ធី






