រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឯកឧត្តម ប្រាក់ សុខុន ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ នៅប្រទេសចិន

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣-៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ដំណើរចូលរួមនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសសមាជិកមេគង្គ-ឡានឆាង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣-៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

ដំណើរចូលរួមនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសសមាជិកមេគង្គ-ឡានឆាង។
ក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសនៃប្រទេសសមាជិក នឹងពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពប្រាំឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣-២០២៧ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើទិសដៅ និងអាទិភាពសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការនាពេលអនាគត។


កិច្ចពិភាក្សាក៏នឹងផ្តោតលើការពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងការគាំទ្រគ្នាទៅវិញទៅមករវាងប្រទេសសមាជិក ការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងការលើកកម្ពស់ការតភ្ជាប់ផ្នែកសង្គម និងវប្បធម៌ក្នុងអនុតំបន់មេគង្គ-ឡានឆាង។

ជាមួយគ្នានេះ ក្នុងឱកាសបំពេញបេសកកម្មនៅប្រទេសចិន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គ្រោងនឹងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម វ៉ាង យី ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ។សម្រាប់កិច្ចប្រជុំលើកទី១១ នេះនឹងដឹកនាំសហប្រធានដោយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន និងរដ្ឋមន្ត្រីការបរទេសថៃ។ របៀបវារៈសំខាន់ៗរួមមាន ការពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការកន្លងមក ការកំណត់ទិសដៅអនាគត និងការពង្រឹងកិច្ចសហការលើបញ្ហាប្រឈមរួម ដូចជា ការបង្ក្រាបបទល្មើសឆ្លងដែន ការគ្រប់គ្រងធនធានទឹក និងការបំពុលបរិស្ថានឆ្លងដែន។

សម្រាប់កម្ពុជា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងមានសារៈសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍវិស័យកសិកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងធនធានធម្មជាតិ។ ជាពិសេស វេទិកានេះក៏ជាឱកាសសម្រាប់កម្ពុជាពង្រឹងទំនាក់ទំនងការទូត ពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសក្នុងតំបន់ និងលើកកម្ពស់ផលប្រយោជន៍ប្រជាជនតាមបណ្តោយដងទន្លេមេគង្គផងដែរ។
ជារួម«កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍតំបន់»៕

មតិយោបល់

កំពុងផ្ទុកមតិយោបល់…