មន្ត្រីប្រទេសរុស្ស៊ី និងអ៊ុយក្រែន គ្រោងនឹងបើកកិច្ចប្រជុំចរចារយៈពេលពីរថ្ងៃក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិកនៅថ្ងៃអង្គារនេះ ដែលជាជំនួបផ្ទាល់មុខលើកដំបូងរបស់ពួកគេចាប់តាំងពីខែកុម្ភៈមក បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានទម្លាយឱ្យដឹងកាលពីសប្តាហ៍មុនថា កិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយមួយ អាចនឹងលេចចេញជារូបរាងនៅក្នុងសង្គ្រាមដែលមានអាយុកាលជាង ៤ ឆ្នាំកន្លះមកនេះ ហើយក៏អាចបញ្ចូលទាំងបញ្ហាសន្តិសុខរបស់ទ្វីបអឺរ៉ុបផងដែរ។
មហាអំណាចអឺរ៉ុប រួមមានប្រទេសបារាំង អាល្លឺម៉ង់ និងគណៈកម្មការអឺរ៉ុប នឹងបញ្ជូនមន្ត្រីចូលរួមក្នុងកិច្ចចរចាក្នុងទីក្រុងអាប៊ូដាប៊ីនេះ ប៉ុន្តែរុស្ស៊ីបានបង្ហាញជំហរបដិសេធយ៉ាងដាច់អហង្ការ ដោយមិនចង់ឱ្យភាគីអឺរ៉ុបចូលរួមក្នុងកិច្ចចរចាផ្ទាល់នោះឡើយ។
លោក ត្រាំ តែងតែអះអាងជាញឹកញាប់ថា កិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះដ៏បង្ហូរឈាមបំផុតរបស់អឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទីពីរមួយនេះ គឺជិតសម្រេចបានហើយ ទោះបីជាកន្លងមកមិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងពិតប្រាកដក៏ដោយ។ តែទោះជាយ៉ាងណា ការចរចាបានចាប់ផ្តើមផុសឡើងវិញក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីការយកចិត្តទុកដាក់របស់អាមេរិក ត្រូវបានបង្វែរទៅលើសង្គ្រាមនៅអ៊ីរ៉ង់អស់រយៈពេលជាច្រើនខែ។
យ៉ាងណាមិញ មិនទាន់មានសញ្ញាណាមួយបង្ហាញថា លោកប្រធានាធិបតី ពូទីន មានឆន្ទៈក្នុងការបោះបង់ចោលការទាមទាររបស់ខ្លួន ដែលតម្រូវឱ្យអ៊ុយក្រែនបោះបង់ទឹកដីទាំងមូលនៃតំបន់ដុនបាស មុនពេលកិច្ចព្រមព្រៀងសន្តិភាពណាមួយ អាចត្រូវបានចុះហត្ថលេខានោះឡើយ ចំណែកឯលោកប្រធានាធិបតី ហ្សេលេនស្គី ក៏បានបដិសេធយ៉ាងដាច់អហង្ការក្នុងការប្រគល់ទឹកដីដែលកងទ័ពរបស់ខ្លួនបានពលីជីវិតដើម្បីការពារនោះដែរ៕ អត្ថបទ៖ រិទ្ធី







